ភ្នំពេញ៖ យោងតាមរយៈសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ ខែមីនា រហូតមកដល់ថ្ងៃទី៨ ខែមីនា សម្តេចបានយកចិត្តទុកដាក់ចំពោះការមិនយល់គ្នា ពាក់ព័ន្ធនឹងគោលបំណងរបស់ លោកស្រី ទ្រី ដាណា ដែលមានគោលបំណងចូលរួមក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ជាមួយនឹងគោលបំណង និងសំណូមពររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានការសប្បាយរីករាយដោយសារតែបងប្អូន ប្រជាពលរដ្ឋរបស់យើង ជាពិសេសគឺ លោកស្រី ទ្រី ដាណា ដែលមានបំណងចង់បង្ហាញនូវវប្បធម៌របស់ខ្មែរយើង ជូនចំពោះពលរដ្ឋកម្ពុជា។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំក៏សូមបង្ហាញនូវកង្វល់ដែលរួមជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងនឹងការបង្ហាញ។ ការបង្ហាញវប្បធម៌ខ្មែរទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និងសម្រាប់ក្មេងជំនាន់ក្រោយតជំនាន់គឺ ជារឿងល្អ ប៉ុន្តែប្រសិនបើការបង្ហាញមិនបានគិតទៅតាមលក្ខណៈរបស់ដូនតាគឺ ស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។ ដូច្នេះ ខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់ ជាពិសេសទៅលើបញ្ហាទម្រង់ដែលត្រូវតែអនុវត្តឲ្យខាងតែបាន តាមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។ 

ចំពោះបញ្ហានេះ សម្តេចជោ ហ៊ុន សែន បានរំឭកថា កាលពីល្ងាចថ្ងៃទី២ ខែមីនា កន្លងទៅ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា សម្តេចបានរំឭកដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើការកសាងរូបសំណាក បដិមា និងរូបចម្លាក់ផ្សេងៗទៀតធ្វើយ៉ាងណាឲ្យសមស្រប ព្រោះប្រសិនបើធ្វើជារូបបដិមា ឬរូបចម្លាក់ និងអភិសេករួចហើយគ្មាននរណាហ៊ានវ៉ៃចោលទេ វានឹងត្រូវរស់នៅក្នុងរយៈកាលច្រើនឆ្នាំ ហើយចុងបំផុតរាប់រយឆ្នាំក្រោយ និងជំនាន់ក្រោយ វានឹងក្លាយមិនមែនជារបស់ខ្មែរ។ ចំពោះករណីដូចគ្នានេះដែរ ប្រសិនបើគ្មានអ្នកណាមួយយកការតាំងជាសម្លៀកបំពាក់ក្ដី ឬរូបបដិមាក្ដី ឬរូបចម្លាក់ក្តី ដែលវាមិនមែនជារបៀបរបស់ខ្មែរពេញលេញ នឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់ចំពោះវប្បធម៌ជាតិ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងវប្បធម៌គឺ ជាសេនាធិការការពារវប្បធម៌ដូនតារបស់យើង បើក្រសួងបណ្ដែតបណ្ដោយឲ្យទាំងខុសពីរូបភាពដើមនោះ ក្រសួងនឹងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងចំពោះរដ្ឋសភា។ ដូច្នេះ លោកស្រី ទ្រី ដាណា ត្រូវយកចិត្តទុកដាក់ទទួលយកការណែនាំ និងកែតម្រូវតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

ក្រៅពីនេះ សម្តេចក៏បានរំឭកដែរថា សម្តេចធ្លាប់បានប្រតិកម្មកាលពីប្រមាណជាងដប់ឆ្នាំមុន ពាក់ព័ន្ធនឹងការថតខ្សែភាពយន្ត ដែលប្រើសម្លៀកបំពាក់នោះខុស ហើយបានសួរទៅថា តើសម្លៀកបំពាក់នោះនៅក្នុងសម័យកាលណាយកមកថតនៅក្នុងខ្សែភាពយន្ត? សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំដឹកនាំប្រទេសនេះមិនធ្វេសប្រហែសធ្វើឲ្យបាត់បង់ប្រពៃណីវប្បធម៌ និងច្បាប់ដើមជាតិសាសន៍របស់យើងនោះទេ មិនមែនទើបគិតគូរពេលនេះទេ»៕

By pcs

Leave a Reply

Your email address will not be published.