ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កំណើនផលិតផលក្នុងស្រុករបស់អាស៊ានសរុបក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុក នូវកំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា» ។ នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន។ សម្តេចប្រធានអាស៊ាន បានបន្តថា «កម្ពុជា សូមសម្ដែងការប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ »។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា អាស៊ាន ក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យមានលក្ខណៈកាន់តែប្រសើរ និង ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និង ការវិនិយោគ នាបច្ចុប្បន្ន៕



