ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ១១ជុំ មាន ២៩លើក រួចមកហើយ ។
តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការបើកផ្ដល់ជុំទី១១ លើកទី១ ត្រូវបាន បញ្ចប់ដោយជោគជ័យ។
សូមបញ្ជាក់ថា សរុបការចំណាយលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ (២៩លើក) អស់ថវិការដ្ឋចំនួន៣,៤៧៣,៦៧៣,៤៤៣,០០០ (បីពាន់បួនរយចិតសិបប៊ី ប៊ីលាន ប្រាំមួយរយចិតសិបប៊ីលាន បួនរយសែសិបបីពាន់រៀលគត់) ស្មើនឹង ៨៦៨.៤២លានដុល្លារអាមេរិក។ ព្រមជាមួយគ្នានេះផងដែរ សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី១១ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានរយៈពេល ៣០ថ្ងៃ តាមរយៈធនាគារវីង និងបញ្ជរវីងទូទាំងប្រទេស៕

