ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាទ្វេភាគីជាមួយនឹងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
បើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាមបានអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែល បានដឹកនាំធ្វើជាប្រធានអាស៊ាន ២០២២។ លោកក៏បានជម្រាបជូនសម្ដេចអំពីស្ថានភាពទូទៅនៅឯប្រទេសវៀតណាម ។
សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ក៏បានពិភាក្សាគ្នាអំពីទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញខាងផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ទាំងយុវជន នៃប្រទេសទាំងពីរឲ្យធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីជំរុញខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរទាំងផ្នែកទុន និងផ្នែករឹង។
សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម បានជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក និងផ្លូវអាកាស ។ ហោះហើរត្រង់ពីខេត្តផ្សេងៗ ឬក៏ទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរ ក៏ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការទៅលើវិស័យ digital និងជាពិសេសវិស័យដទៃទៀតផងដែរ។
ជាការឆ្លើយតបនៅក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលតែងតែបានផ្ដល់អាហារូបករណ៍ជូនដល់កម្ពុជា។ ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះវៀតណាមដែលទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ បន្ទាប់ពីបានទប់ស្លាត់កូវីដ១៩។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា លោក ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គម និយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខួបអនុស្សាវរីយ៍ លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

By pcs

Leave a Reply

Your email address will not be published.

You missed