សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមហាវិទ្យាល័យរដ្ឋ និងឯកជនបើកដំណើរការឡើងវិញ
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចអនុញាតឱ្យក្រសួងអប់រំយុជន និងកីឡា រៀបចំត្រៀមបើកឱ្យដំណើរការឡើងវិញនូវមហាវិទ្យាល័យរដ្ឋ និងឯកជន នាពេលឆាប់ខាងមុខនេះ។

ក្នុងសារជាសំលឡេងជូនជនរួមជាតិ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាម សម្ដេចតេជោមានប្រសាសន៍ថា «អ្វីដែលជាការខិតខំរបស់រាជរដ្ឋាភិបាល គឺទបស់ស្កាត់មិនឱ្យជំងឺឆ្លងនៅតាមទីវត្តអារាម ហើយកុំឱ្យយកជំងឺពីផ្ទះចូលទីវត្តអារាម និងយកជំងឺពីទីវត្តអារាមចូលមកក្នុងផ្ទះ ដែលវាបណ្ដាលឱ្យឆ្លងបែកពេញសហគមន៍ រហូតដល់យើងត្រូវបង្ខំចិត្តបិទសាលារៀនតទៅទៀត ក្នុងពេលដែលយើងបានបើកសាលារៀនជាបន្តបន្ទាប់ ដែលខាមុខនេះយើងនឹងឈានទៅបើកកាន់តែធំ ដែលម្សិលមិញនេះ ខ្ញុំក៏បានអនុញាតឱ្យក្រសួងអប់រំយុវជន និងកីឡា បើកមហាវិទ្យាល័យ ទាំងរដ្ឋ និងឯកជនឡើងវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វាគឺជារឿងពិតគួរឱ្យសោកស្ដាយ ដែលថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី៤ ដែលបងប្អូនមិនបានប្រារព្ធនូវពិធីក្នុងការកាន់បិណ្ឌ ឆ្ពោះទៅរកពេលភ្ជុំបិណ្ឌ។ ការចាប់ផ្ដើមរបស់យើងគឺទាក់ទិនជាមួយនឹងការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយដែលម្សិលមិញនេះ ខាងក្រុមគ្រូពេទ្យបានយកសំណាកនៅគ្រប់វត្ត ស្ទើរតែពាក់កណ្ដាលនៃវត្តនៅក្នុងទីក្រុងភ្នំពេញនេះ គឺមានឆ្លងនៃជំងឺកូវី-១៩នេះ។ សម្ដេចតេជោបានថ្លែងរម្លឹកថា កាលពីឆ្នាំ២០២០ យើងបានផ្អាកនូវការចូលឆ្នាំ ហើយផ្អាកនៅពេលភ្ជុំបិណ្ឌ ពេលនោះជំងឺកូវី-១៩ មិនទាន់រាតត្បាតខ្លាំងនៅឡើយទេ យើងមានមនុស្សត្រឹមតែ២០០ ឬ៣០០នាក់តែប៉ុណ្ណោះនៅពេលនោះ ដែលមានការឆ្លងជំងឺកូវី-១៩ ។ ប៉ុន្តែដោយសារវិធានការការពារហ្មត់ចត់ តាមរយៈនៃការផ្អាកការចូលឆ្នាំ ហើយសងត្រឡប់មកវិញជាមួយនិងការឈប់សម្រាកនៅពេលក្រោយ បូកជាមួយនិងវិធានការហ្មត់ចត់ នៅក្នុងដំណាក់កាលភ្ជុំបិណ្ឌ យើងរក្សាបាននៅក្នុងប្រទេសរបស់យើងមិនឱ្យមានជំងឺឆ្លង ហើយសូម្បីតែស្លាប់ក៏គ្មានផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សម្ដេចពិតជាមានការយល់ និងការចង់ធ្វើបុណ្យធ្វើទាន ប៉ុន្តែសភាពការណ៍ឆ្នាំ២០២១នេះខុសពីឆ្នាំ២០២០ នៅត្រង់ថាព្រឹត្តិការណ៍២០កុម្ភៈឆ្នាំ២០២១ បានធ្វើឱ្យយើងមកដល់ពេលនេះ មានមនុស្សជាង១០ម៉ឺននាក់បានឆ្លង ហើយក៏មានជាង ២ ០០០ នាក់រួចទៅហើយ ដែលបានស្លាប់ នេះជារឿងដ៏អណោចអធមួយសម្រាប់ប្រជាពលរដ្ឋរបស់យើង។ជាងនេះទៀត ត្រឹមតែរយៈពេល ៣ថ្ងៃតែប៉ុណ្ណោះនៃការកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចំនួនដែលឆ្លងនៅតាមទីវត្តអារ៉ាមមួយចំនួន គឺបានកើនឡើង ធ្វើឱ្យចំនួនអ្នកឆ្លងដែលមានត្រឹមតែ៤០០ ទៅ៥០០នាក់ ឬ៦០០នាក់ជាងបន្តិច កើនលើសជាង៨០០នាក់ និងចំនួនស្លាប់ឡើងដល់ជាង២០នាក់ ក្នុងដំណាក់កាលចុងក្រោយនេះ។

សម្ដេចតេជោថ្លែងថា «បងប្អូនប្រជាពលរដ្ឋរបស់យើងអាចចោទសួរថាតើបន្ទាប់ពីការចាក់វ៉ាក់សាំងរួចហើយ ហេតុអ្វីក៏នៅតែឆ្លង ព្រោះមកដល់ពេលនេះយើងចាក់វ៉ាក់សាំងបានជាង១២លាននាក់រួចទៅហើយ ក្នងចំណោមអ្នកដែលត្រូវចាក់ជាង១៤លាននាក់»។ សម្ដេចតេជោបន្តថា ដូចដែលខ្ញុំបាននិយាយហើយថាវ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ វ៉ាក់សាំងគ្រាន់តែកាត់បន្ថយនូវការឆ្លង កាត់បន្ថយអ្នកឆ្លងហើយមិនឱ្យមានការវិវត្តតៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ ប៉ុន្តែវិធានការសុខាភិបាលទៅវិញទេ ដែលជាវិធានការត្រូវប្រកាន់យក(៣កុំ ៣កាពារ)។ នេះ គឺជាចំណុចដើម្បីរក្សានូវជីវិតរបស់ប្រជាជន រក្សានូវសុខភាពរបស់ប្រជាជន។ ដូច្នេះហើយបើសិនជាយើងរក្សាបាននូវជីវិត យើងនូវមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀត៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed