សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “បើទោះបីជា ខ្ញុំមិនបានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែខ្ញុំពិតជារីករាយដែលឃើញជនរួមជាតិ ប្រារព្ធបុណ្យភ្ជ៉ំបិណ្ឌយ៉ាងជោគជ័យ។” នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ តាមរយៈសារជាសំឡេងក្នុងពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាប់បំពេញបេសកកម្មនៅឯក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “យន្តហោះបានចុះចតនៅចុះចាក់សាំងនៅអាឡាស់ស្កា ដោយការធ្វើដំណើរចេញពីទីក្រុងហាវ៉ាណា ប្រទេសគុយបា ចំណាយពេលវេលា ៨ ម៉ោងនិង ៣០នាទី។ បន្ទាប់ពីការចាក់សាំងហើយ ខ្ញុំព្រះករុណាខ្ញុំក៏នឹងធ្វើដំណើរចាកចេញទៅកាន់ទីក្រុងតូក្យូ តាមគម្រោងចំណាយពេលជាង ៧ ម៉ោង ៤០ នាទី ដូច្នេះការធ្វើដំណើរសរុប ពីទីក្រុងហាវ៉ាណា ប្រទេសគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនប្រើរយៈពេលប្រមាណជា១៦ ម៉ោង។”

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំព្រះករុណាខ្ញុំមានការរីករាយដោយសារតែក្នុងប្រទេសរបស់យើងបងប្អូនជនរួមជាតិបានប្រារព្ធពិធីភ្ជុំបិណ្ឌប្រកបដោយជោគជ័យ និងការរក្សាបាននៅសុវត្ថិភាពគ្រប់ផ្នែក ជាពិសេស គឺការពារបានដ៏ល្អប្រសើរ មិនឲ្យមានការរាលដាលនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេលចុងក្រោយ។”

សម្តេចក៏បានមានប្រសាសន៍បន្ថែមថា សម្តេចបានតាមដានរាល់ព័ត៌មាន នៃការរាយការណ៍ពីស្ថានភាពនានាក្នុងប្រទេសពីមន្រ្តីពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា “បើទោះបីជា ខ្ញុំមិនបានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះក៏ដោយ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំសប្បាយរីករាយជាមួយនឹងប្រជាពលរដ្ឋរបស់យើងដែលបានធ្វើបុណ្យយ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំនេះដែលខុសប្លែកពីឆ្នាំទៅដែលយើងស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ នៃកូវីដ១៩។”

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំព្រះករុណាខ្ញុំស្នាក់នៅទីក្រុងតូក្យូរយៈពេល ២យប់។ ហើយនឹងត្រឡប់ទៅដល់ប្រទេសវិញនៅថ្ងៃទី ២៨ ខែកញ្ញា នេះតែម្ដងបន្ទាប់ពីចូលរួមបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ហើយនៅទីនោះ ខ្ញុំព្រះករុណាខ្ញុំនឹងមានការជួបពិភាក្សារយៈពេលខ្លីជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុននៅពេលព្រឹកថ្ងៃទី២៨ កញ្ញា ផងដែរ”៕

By pcs

Leave a Reply

Your email address will not be published.

You missed