សម្ដេចក្រឡាហោម ស ខេង ឧបនាយករកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលា នាយករងសាលា និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធីថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតម្លើងឋានៈឱ្យស្មើអគ្គនាយកដ្ឋានកាលពីឆ្នាំ២០២១ ដោយមាននាយកដ្ឋាន ៤ជាចំណុះ រួមមាន នាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានផែនការនិងកិច្ចសហប្រតិបត្តិការ នាយកដ្ឋានស្រាវជ្រាវនិងផ្សព្វផ្សាយ និងនាយកដ្ឋានបណ្ដុះបណ្ដាល។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មនៅឆ្នាំ២០២១ ប្រកបដោយការទទួលខុសត្រូវ ស្មារតីម្ចាស់ការ និងរួមគ្នាពុះពារសម្រេចបានសមិទ្ធផលនានាគួរឱ្យកត់សម្គាល់ ទោះប្រឈមនឹងជំងឺកូវីដ-១៩។

សម្ដេច បានបន្ថែមថាជាមួយសមិទ្ធផលដ៏ថ្លៃថ្លាដែលសម្រេចបានជាបន្តបន្ទាប់មកនេះ នៅថ្ងៃនេះក៏ជារបត់ថ្មីមួយទៀតសម្រាប់ក្រសួងមហាផ្ទៃ ដែលបង្កើតអង្គភាពថ្មីមួយមានថ្នាក់ស្មើអគ្គនាយកដ្ឋាន គឺសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។

សម្ដេចក្រឡាហោម បានរម្លឹកថាការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាននេះ មិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិល តាំងពីពេលបង្កើតក្រសួងមហាផ្ទៃឆ្នាំ១៩៩៣មកម្លេះ។ សម្ដេច រម្លឹកបន្តថានៅពេលបង្កើតក្រសួងមហាផ្ទៃហើយនោះ សម្ដេចក៏ត្រូវបានគណបក្ស និងរាជរដ្ឋាភិបាល ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីពេលនោះ និងក៏បានយកចិត្តទុកដាក់គិតគូអំពីការរៀបចំឱ្យមានសាលាជាតិរដ្ឋបាល ដោយបង្កើតសាលាភូមិន្ទរដ្ឋបាល ដែលនៅក្បែរក្រសួងមហាផ្ទៃមកដល់សព្វថ្ងៃនេះ។ សម្ដេចបន្តថា«ក្រោយមកយើងក៏បានប្រគល់សាលាភូមិន្ទរដ្ឋបាលនេះឱ្យទីស្ដីការគណៈរដ្ឋមន្រ្តីគ្រប់គ្រង និងចុងក្រោយក៏ត្រូវបានប្រគល់ឱ្យស្ថិតក្រោមក្រសួងមុខងារសាធារណៈ»។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលប្រកាសនាថ្ងៃនេះ បានដាក់គម្រោងរៀបចំសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន មានទីតាំងនៅភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលម្រោងនេះ អាចនឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។ សម្ដេចបានថ្លែងជំរុញភាគីពាក់ព័ន្ធពន្លឿនគម្រោងសាងសង់នេះ និងធ្វើឱ្យសម្រេចបានតាមផែនការ។

សម្ដេច ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន យកចិត្តទុកដាក់លើការរៀបចំផែនការយុទ្ធសាស្រ្ត ការបណ្ដុះបណ្ដាលបែបជាក់ស្ដែងជាជាងទ្រឹស្ដី យកចិត្តទុកដាក់រៀបចំបរិយាកាសល្អៗនិងប្រកបដោយគុណប្រយោជន៍ ខិតខំពង្រឹងនិងអភិវឌ្ឍន៍ការងារស្រាវជ្រាវនានា ព្រមទាំងពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី។ សម្ដេច ក៏ស្នើឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្ដល់កិច្ចសហការ និងគាំទ្រដល់ដំណើរការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន។

ភ្ជាប់នឹងការផ្ដល់អនុសាសន៍នេះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន គិតគូឱ្យបានរួចរាល់ពីឥឡូវនេះទៅ ពាក់ព័ន្ធនឹងការផ្ដល់ការលើកទឹកចិត្តជូនសាស្ត្រាចារ្យ និងគ្រូបង្រៀន ដូចដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំរួចរាល់ ពាក់ព័ន្ធនឹងការផ្ដល់តួនាទី និងកម្រិតថ្នាក់ជូនពួកគាត់ ដោយសម្ដេចបន្តថាការរៀបចំការងារនេះបានល្អ នឹងអាចផ្ដល់ឱកាសឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន មានទាំងនិរន្តរភាព ព្រមទាំងអាចប្រមូលបានអ្នកចេះដឹងមកចូលរួមបណ្ដុះបណ្ដាលមន្ត្រី ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *