សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ម៉ឺងម៉ាត់ ចំពោះ​ម្ចាស់​ស្ថានីយ​និង​ដេប៉ូ​ដែល​លួច​បន្លំ​ចំណុះ​ប្រេង ពីព្រោះ​បញ្ហា​នេះ ធ្វើ​ឱ្យ​ខាតបង់​ដល់​អ្នកប្រើប្រាស់ និង​សេដ្ឋកិច្ច​ជាតិ​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​អំពាវនាវ​នេះ​ធ្វើឡើង បន្ទាប់ពី​អង្គភាព​ជំនាញ​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​រក​ឃើញ​ម្ចាស់​ស្ថានីយ ឬ​ដេប៉ូ​ប្រេងឥន្ធនៈ​មួយចំនួន ប្រកប​របរ​មិន​ស្មោះត្រង់​និង​មិន​អនុលោម​តាមច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​កើន​ឡើង​នៃ​ចំនួន​ស្ថានីយ ឬ​ដេប៉ូ​ប្រេង​ដែល​អនុវត្ត​ខុសច្បាប់ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នេះ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើកឡើង​ថា ថា​បច្ចុប្បន្ន​និន្នាការ​កេង​បន្លំ​បរិមាណ និង​គុណភាព​ប្រេង​នៅ​តាម​ស្ថានីយ ឬ​ដេប៉ូ​ប្រេង​ឥន្ធនៈ​មួយចំនួន បាន​ប៉ះពាល់​ដល់​បរិយាកាស​ប្រកួតប្រជែង​អាជីវកម្ម និង​ជីវភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ​។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​លើ​ផលិតផល​នេះ ប៉ុន្តែ​ពួកគាត់​ទទួល​បាន​គុណភាព​និង​បរិមាណ​តិច​។ លោក​ថា ការ​បន្លំ​បរិមាណ និង​គុណភាព​ប្រេង​ឥន្ធនៈ​នេះ ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ពលរដ្ឋ និង​ជាតិ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់​និង​ស្មើភាព​គ្នា ហើយ​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នកប្រព្រឹត្ត​ខុស​ដោយ​គ្មាន​ការរើសអើង​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកទឹកចិត្ត​ពលរដ្ឋ​ត្រូវ​ហ៊ាន​រាយការណ៍ ឬ​ប្តឹងទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​រឿងនេះ ដើម្បី​ទាមទារ​ភាព​ត្រឹមត្រូវ ព្រមទាំង​ធានា​នូវ​បរិយាកាស​ធុរកិច្ច និង​ជំរុញ​ឱ្យ​ដំណើរការ​អាជីវកម្ម​ស្អាតស្អំ​៖ «ជំរុញ​ប្រសិទ្ធភាព​រឿង​ហ្នឹង​មិន​ពិបាក​ទេ គឺ​យើង​អាច​គោលការណ៍​គតិយុត្តិ ជំរុញ​ការអនុលោម​ហ្នឹង​ឱ្យ​ស្មើភាព​គ្នា ហើយ​បើ​យើង​ធ្វើ មិន​ស្មើភាព​គ្នា ហើយ​មានការ​រើសអើង មានន័យថា​យើង​ធ្វើទៅ​យើង​ចាប់​បាន យើង​ដាក់ទោស​ហ្នឹង ក៏ប៉ុន្តែ​អ្នក​ផ្សេង​រួចខ្លួន​ឧ​ទារ​ហណ៍ ចឹ​ង​គឺ​បង្កើត​បរិយាកាស​មួយ​អត់​ស្មើភាព​គ្នា​ទៀត ចឹ​ង​ទៅ​គេ​អត់​ខ្លាច​ទេ​ព្រោះ​គេ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង ចឹ​ង​ធ្វើឱ្យ​ច្បាប់​យើង​ខ្សោយ អ៊ី​ចឹង​អ្នក​អនុវត្ត​ច្បាប់​ធ្វើ​កិច្ចការ​អត់​ទៅមុខ​ទេ ហើយ​រឿង​ហ្នឹង​កើត​ម្តង​ហើយ​ម្តងទៀត»។

អ្នក​រត់​ឡាន​ឈ្នួល​ម្នាក់ លោក ម៉ៅ ឆន ត្អូញត្អែរ​ថា ពលរដ្ឋ​ដែល​ប្រកបមុខរបរ​ដូច​លោក​កំពុង​រង​ផលប៉ះពាល់​ដោយសារ​តម្លៃ​សាំង​នៅលើ​ទីផ្សារ​ហក់​ឡើងថ្លៃ ហើយ​លើស​ពីនេះ ម្ចាស់​ស្ថានីយ ឬ​ដេប៉ូ​ប្រេង​មួយចំនួន​បែរជា​លួច​បន្លំ​គុណភាព និង​ចំណុះ​ប្រេងសាំង​បន្ថែមទៀត ។ លោក​សង្ស័យថា​បញ្ហា​នេះ​អាច​កើតឡើង​ដោយសារ​អំពើពុករលួយ ។ លោក​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ត្រូវ​ប្រកប​មុខ​របរ​ដោយ​ស្មោះ​ត្រង់ ដោយ​ត្រូវ​លក់​ប្រេង​ដែល​មាន​គុណភាព​និង​គ្រប់​ចំណុះ​ដល់​អតិថិជន​របស់​ខ្លួន៖« ថ្មីៗ​ដូចជា​ខ្ញុំ​ទៅ​ខេត្តព្រៃវែង ហ្គារ៉ា​ស​មួយ​នោះ​ខ្ញុំ​ចាក់​៣០​លីត្រ ចាក់​មិន​ដល់​២៥​លីត្រ​ផង នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​គិតថា​មិនគួរណា​បណ្តោយឱ្យ​អ្នក​ប្រកប​អាជីវកម្ម​ទាំងអស់​ហ្នឹង​បន្តធ្វើ​រៀប​ហ្នឹង​ទៀត​ទេ គួរ​យក​ច្បាប់​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ទូលំទូលាយ​ធ្វើឱ្យ​ស្មើមុខស្មើមាត់​គ្នា មិនមែន​ថា​ខ្សែ​អ្នកនេះ​អត់​ហ៊ាន ខ្សែ​អ្នកនោះ​អត់​ហ៊ាន​អត់​អ៊ីចឹ​ង​ទេ យក​ច្បាប់​ទៅ​អនុវត្ត​ទាំងអស់គ្នា​ទៅ​បាទ»។

ការ​លើកឡើង​របស់​ម​ន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នេះ គឺ​ស្របពេល​អង្គភាព​ជំនាញ​នៃ​ក្រសួងពាណិជ្ជកម្ម​កំពុង​ចុះ​ត្រួតពិនិត្យ​ករណី​ក្លែងបន្លំ​បរិមាណ និង​គុណភាព​នៅ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ជាច្រើន​កន្លែង​ទូទាំង​ប្រទេស ហើយ​ម្ចាស់​ស្ថានីយ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ តុលា​ថា​មន្ត្រី​ជំនាញ ក​.​ប​.​ប ប្រចាំខែ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្តកំពង់ស្ពឺ បាន​រក​ឃើញ​ស្ថានីយ ឬ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​៩​កន្លែង​បន្ថែមទៀត ដែល​ប្រកប​របរ​មិន​ស្មោះត្រង់​និង​មិន​អនុលោម​តាមច្បាប់ ក្នុងចំណោម​១៩​ស្ថានីយ ឬ​ដេប៉ូ​ប្រេង​។ អង្គភាព​ដដែល បញ្ជាក់​ថា ស្ថានីយ ឬ​ដេប៉ូ​ប្រេង​ដែល​បាន​ប្រកប​អាជីវកម្ម​កេងប្រវ័ញ្ច​អ្នកប្រើប្រាស់ ត្រូវធ្វើ​ការពិន័យ​តាម​បញ្ញត្តិ​ច្បាប់ និង​តម្រូវ​ឱ្យ​កែប្រែ​ទៅ​រក​ភាព​ត្រឹមត្រូវ​ឡើង​វិញ​ជាដើម​។​

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) លោក ផាន អូន ប្រាប់​វិទ្យុ​អាស៊ីសេរី​បន្ថែម​ដោយ​ខ្លី​ថា គោលបំណង​ដែល​អង្គភាព​លោក​ចុះ​ពិនិត្យ​ករណី​នេះ គឺជា​ការ​អនុវត្ត​ច្បាប់​ដើម្បី​កែសម្រួល​ការ​ប្រកបមុខ​រប​រ ឬ​ធុរកិច្ច​ណាមួយ​ដែល​មិន​សុចរិត និង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជូន​អ្នកប្រើប្រាស់។

ទោះជា​យ៉ាងណា នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា​សកម្មភាព​ដែល​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​មាត្រដ្ឋាន ឬ​ចំណុះ​សាំង​នៅ​តាម​ស្ថានីយ ឬ​ដេប៉ូ​ប្រេងឥន្ធនៈ​ជា​បន្តបន្ទាប់​នេះ ដោយសារ​តម្លៃ​ប្រេងសាំង​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ ហើយ​ការ​ប្រកួតប្រជែង​អាជីវកម្ម​កាន់តែខ្លាំង ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​មន្ទិល​ជុំវិញ​សុចរិត​ភាព​។ លោក​បន្តថា ការប្រកប​របរ​មិន​ស្មោះត្រង់​និង​មិន​អនុលោម​តាមច្បាប់​ពី​សំណាក់​ម្ចាស់​ស្ថានីយ៍​លក់​ប្រេង​ឥទ្ធនៈ​មួយ​ចំនួន​នេះ កើត​ឡើង​ជា​ប្រព័ន្ធ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​៖ «ការដោះស្រាយ​បញ្ហា​គ្រប់​លីត្រ ឬក៏​បរិមាណ​ការ​លក់​ប្រេងឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា ការអន្តរាគមន៍​រប​ស់​អាជ្ញាធរ​រដ្ឋ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាពស្មើគ្នា​នៃ​កាតព្វកិច្ច​ពន្ធ​ក៏​ជា​ហេតុផល​មួយ បើ​វា​ក្លាយជា​ប្រធានបទ​នីតិរដ្ឋ​នៃ​វិស័យ​ប្រេងឥន្ធនៈ អាច​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​ស្មើភាព ហើយក៏​អាច​ឈាន​មកដល់​ការអនុវត្ត​សុចរិត​ភាព​ការ​ផ្គត់ផ្គង់​អាជីវកម្ម​ប្រេងឥន្ធនៈ​ដែរ»។

មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បង្កើន​សកម្ម​ភាព​ចុះ​ស៊ើបអង្កេត​នៅ​តាម​ស្ថានីយ ឬ​ដេប៉ូ​ប្រេង ដោយ​អនុលោម​តាមច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។ ទន្ទឹម​នឹង​នេះ មន្ត្រី​ពាក់ព័ន្ធ​ត្រូវធ្វើ​ការណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លើ​ស្មារតី​ស្មោះត្រង់ សុចរិត​ភាព និង​ការទទួលខុសត្រូវ​ចំពោះ​អ្នកប្រើប្រាស់ ដើម្បី​ធានា​នូវ​ស្ថិរភាព​អាជីវកម្ម​លើ​គោលការណ៍​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ផង៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed