ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន ៤,១៥០ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១២៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។
ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៣ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន១,៧៣០នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៧ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨២៦,៨៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៥៨,៤៨៨នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,២២៣នាក់៕
