ភ្នំពេញ៖ វិធានការបិទខ្ទប់​តំបន់​ក្រហម និងតំបន់លឿងទុំ ក្នុងរាជធានីភ្នំពេញ នឹង​ផុត​ឱសាន​វាទ ​នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១​។ តាមគម្រោង ​នៅថ្ងៃទី១២ ខែឧសភានេះ រដ្ឋបាល​រាជធានីភ្នំពេញ នឹង​​ប្រជុំ​រៀបចំផែនការថ្មី ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិ​សាស្ត្រ​​រាជ​ធានី​ភ្នំ​ពេញ​។ នោះគឺ​ការបង្រួម​ភូមិសាស្ត្រ ដែលមានការឆ្លង​រាលដាល​ជំងឺកូវីដ១៩ ឲ្យកាន់តែតូចជាងមុន។ ពោលគឺអាជ្ញាធរសមត្ថកិច្ច មិនបិទខ្ទប់​​សង្កាត់ មិនបិទភូមិ​ទាំងមូល​ ដូចមុនទៀតទេ តែឈានដល់ការបិទ​ខ្ទប់តាមខ្នងផ្ទះ ដែល​មានអ្នក​ឆ្លងកូវីដ១៩ ​តែម្តង​។

ប៉ុន្មានថ្ងៃជាប់គ្នានេះ ចំនួន​អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់តែ​រាជធានីភ្នំពេញ បានថយចុះ​ជាបន្តបន្ទាប់​។ ក្នុងនោះ រាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី៧ឧសភា ចំនួនអ្នកឆ្លងថ្មី បានថយចុះជាបន្តបន្ទាប់។ នោះគឺថយពីជាង ៥០០នាក់ មកត្រឹមជាង ៤០០នាក់ នៅថ្ងៃទី៧ ខែឧសភា។ នៅថ្ងៃទី៨ឧសភា អ្នកឆ្លងមានត្រឹមតែ ២១៩នាក់។ នៅថ្ងៃទី៩ឧសភា នៅភ្នំពេញ មានចំនួន ២៣០នាក់ និងនៅថ្ងៃទី១០ឧសភា មានចំនួន ២៥១នាក់។

ចំនួនអ្នកឆ្លងថ្មី នៅរាជធានីភ្នំពេញ មានចម្រុះ ជា​ប្រជាពលរដ្ឋសាមញ្ញ អ្នកលក់ដូរ កម្មករសំណង់ កម្មករកាត់ដេរ និងជា​មន្ត្រីរាជការ ជាដើម។ ប៉ុន្តែអ្នកឆ្លង​រៀងរាល់ថ្ងៃ ភាគច្រើន ជាអ្នក​រស់នៅតំបន់ក្រហម និងតំបន់លឿងទុំ ដែលត្រូវបានបិទខ្ទប់ ចាប់តាំងពីវិធានការដំបូង កាលពីថ្ងៃទី១៥មេសា បន្តដល់ថ្ងៃទី១៤ឧសភា​។

ដោយសារតែអាចគ្រប់គ្រង​លើមុខសញ្ញាអ្នកឆ្លងកូវីដបាន តាមរយៈការកំណត់តំបន់​បិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿន ហើយ​តួលេខ​រកឃើញអ្នកឆ្លងថ្មី ក៏បានថយចុះ​ជាបន្តបន្ទាប់នេះហើយ ទើប​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានប្រកាសពីផែនការ​បន្ទាប់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការគ្រប់គ្រង​តំបន់​ឆ្លងកូវីដ១៩​។

កាលពីថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១ លោក ឃួង ស្រេង បានថ្លែងថា ដោយសារតែចំនួន​អ្នកឆ្លងកូវីដ បានថយចុះ រដ្ឋបាលរាជធានីភ្នំពេញ​ នឹង​ឈានទៅ​បង្រួមតំបន់ក្រហម មកនៅកម្រិតតូចជាងមុន ពោលគឺអាចបិទខ្ទប់ តែលំនៅដ្ឋានអ្នក​កើតជំងឺកូវីដ១៩ ប៉ុណោ្ណះ ដោយមិនបិទភូមិសង្កាត់ដូចមុនទៀតឡើយ។

ការបិទខ្ទប់ត្រឹមតែផ្ទះ​របស់អ្នកកើតកូវីដ គឺ​ផ្តល់​នូវប្រសិទ្ធភាព​ ហើយ​មិនបង្ក​ផលប៉ះពាល់​ដល់​ក្រុម​អ្នក​ផ្សេងទៀតនោះទេ​។ តាមបទពិសោធន៍កន្លងមក តំបន់ផ្ទះជួល​ឲ្យ​កម្មករ​កាត់ដេរមួយ​កន្លែង​ នៅភូមិ​ស្លែងរលើង​ សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ ក្នុងរាជធានី​ភ្នំពេញ មានស្ត្រី​អ្នកកាត់ដេរម្នាក់​ ដែលបម្រើការងារនៅរោងចក្រកាត់ដេរ ឌីន ហាន ឬរោងចក្រសេះស នៅ​ស្ទឹងមានជ័យ តាមផ្លូវឌួងងៀប បានឆ្លងកូវីដ១៩។ ភ្លាមៗ អាជ្ញាធរសមត្ថកិច្ចយើង បានយក​ស្ត្រីនោះ ចេញពីបន្ទប់ជួល ហើយ​បន្តធ្វើតេស្តប្តី និងកូន ដែលរស់នៅក្នុងបន្ទប់ជាមួយគ្នា​។ ទន្ទឹមនឹង​នេះ អាជ្ញាធរសមត្ថកិច្ច បានបិទខ្ទប់ផ្ទះជួល​នោះ ដែល​មានបន្ទប់ជួលច្រើន និងមានអ្ន​កជួលរស់នៅ​មិនតិចជាង ៥០នាក់​នោះទេ​​។ ក្រោយមក ប្តី និងកូនរបស់ស្ត្រី​កម្មករកាត់ដេរនោះ រកឃើញឆ្លងកូវីដ១៩ ក៏ត្រូវបានឡានពេទ្យ មកយកទៅព្យាបាលបន្តទៀត។ រីឯផ្ទះជួលទាំងមូល ត្រូវបានបិទខ្ទប់ ធ្វើចត្តាឡីស័ក​​តាមវិធានសុខាភិបាល​យ៉ាងត្រឹមត្រូវ​។​

ករណីមួយទៀត នៅខាងភូមិត្រពាំង​ឈូក ក្នុងសង្កាត់អូរបែកក្អម គឺបុរសម្នាក់ ជាបុគ្គលិក​ធនាគារអេស៊ីលីដា សាខា​គីឡូម៉ែត្រលេខ៦ នៅខណ្ឌ​ឫស្សីកែវ ត្រូវបានរកឃើញឆ្លងកូវីដ១៩​។ បុរសនោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​យកទៅ​ព្យាបាល​នៅកោះពេជ្រ រីឯ​ក្រុមគ្រួសាររបស់បុរសនោះ ត្រូវបាន​ធ្វើតេស្ត និងធ្វើចត្តាឡីស័ក នៅក្នុង​ផ្ទះ ដែលត្រូវបានបិទខ្ទប់ ក្នុង​រយៈពេល ១៤ថ្ងៃ​។

វិធានការបិទខ្ទប់តាមផ្ទះនេះ មានប្រសិទ្ធិភាព ធានាថា អ្នកនៅផ្ទះទាំង​នោះ មិនចេញទៅណាផ្តេសផ្តាស ក្រៅខ្សែ​ហ៊ុំព័ទ្ធឡើយ​។ ក្នុងនោះ ក្រៅពីអាជ្ញាធរសមត្ថកិច្ច គឺ​អ្នកជិតខាង បានដើរតួនាទីសំខាន់​ ធ្វើជា​អ្នកមើលការខុសត្រូវលើផ្ទះ ដែល​បានបិទ​ខ្ទប់​ទាំង​នោះ ព្រោះ​អ្នកជិតខាង ក៏បារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩ នេះដែរ ដូច្នេះហើយ មិនអាច​ឲ្យ​អ្នកនៅក្នុងផ្ទះ ដែលបិទខ្ទប់នោះ ចេញក្រៅ​ ដែល​អាចបង្ក​ហានិភ័យ​នោះឡើយ​។ ម្យ៉ាងទៀត បើសិនជាអ្នកនៅក្នុងផ្ទះបិទខ្ទប់ ហ៊ានបំពាន ចេញ​ក្រៅផ្ទះ ឬ​ក្រៅខ្សែហ៊ុំព័ទ្ធ គឺច្បាស់ណាស់ថា ជាការរំលោភច្បាប់ ដែលត្រូវមានទោស​ រហូតដល់ជាប់ពន្ធនាគារ និងត្រូវ​រងការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ដោយគ្មានការលើកលែងឡើយ​។​

កន្លងមក ​អ្នករស់នៅជិតខាង ក្នុងភូមិ ក្នុងសង្កាត់ជាមួយអ្នកកើតកូវីដនោះ ក៏​ជួបការលំបាក​មិនតិចទេ ខណៈដែល​មានការ​បិទ​ខ្ទប់ភូមិ​សង្កាត់ ដែលកំណត់ថា ជាតំបន់ក្រហម និងជា​តំបន់លឿងទុំ។ នេះបើឆ្លងតាមបទពិសោធន៍រយៈពេល ៣-៤ សប្តាហ៍​កន្លងមក។ តំបន់​ផ្ទះល្វែង ក្នុងបុរី ឬក៏នៅប្លុក​​ជាច្រើន​ មិនមានអ្នកកើតកូវីដផង ហើយ​បើទោះជាតំបន់នោះ មានអ្នក​កើតកូវីដ​ក៏ពិតមែន ក៏​​នៅ​ផ្ទះរបស់អ្នកផ្សេងច្រើនទៀត​ មិនកើតផង។ ប៉ុន្តែអ្នកផ្សេងទាំងនោះ ត្រូវរងគ្រោះ ដោយការបិទខ្ទប់​ផ្លូវ បិទភូមិ និងបិទខ្ទប់​សង្កាត់ ដែលមានឈ្មោះថា ជាតំបន់ក្រហម និង​ជាតំបន់លឿងទុំ ​នឹងគេនឹងឯងដែរ​។​

ដូច្នេះវិធានការថ្មីរបស់រដ្ឋាភិបាលរាជធានីភ្នំពេញ ដែល​អាចឈានទៅបិទខ្ទប់ត្រឹមតែផ្ទះ ក្រុមហ៊ុន ឬហាង​ណាមួយ ដែល​មានអ្នកឆ្លងកូវីដ គឺពិតជាត្រូវបានសាទរ​យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ពិសេសវិធានការថ្មីបិទខ្ទប់ត្រឹមតែខ្នងផ្ទះអ្នកឆ្លងកូវីដនេះ ក៏មានប្រសិទ្ធភាព​ ធានា​បាននូវ​ការទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងសហគមន៍​យ៉ាងពិតប្រាកដ​។​

យ៉ាងណាក៏ដោយចុះ ទន្ទឹមនឹងវិធានការធូរស្រាល ដែលអាចគ្រប់គ្រងនូវការឆ្លងរាលដាលកូវីដបាននេះ រាជរដ្ឋាភិបាល ក៏បាន​សំរុក​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម​ ក្នុង​រាជធានីភ្នំពេញ ដែលតាម​តួលេខរបស់​ក្រសួងការពារជាតិ​ មកដល់ថ្ងៃទី១១ឧសភា សម្រេចបានជាង ៤៩ម៉ឺននាក់ហើយ ក្នុងចំនួន​​ប្រជាពលរដ្ឋប៉ាន់ស្មាន​ជាង ៥២ម៉ឺននាក់​ នៅតំបន់​ក្រហម ក្នុងរាជធានីភ្នំពេញ ដែលត្រូវចាក់វ៉ាក់សាំង​។

ទោះជាបន្ធូរបន្ថយវិធានការរឹងបន្តឹង រួមទាំង​ការចាក់វ៉ាក់សាំង​បានច្រើនគ្នាក៏ដោយ ក៏​ពេលនេះ ប្រជាពលរដ្ឋយើង ពិសេស​អ្នកនៅភ្នំពេញ ក្នុងតំបន់ក្រហម ឬក្នុងតំបន់លឿងទុំ ឬក៏នៅតំបន់លឿង ត្រូវតែបន្តបង្កើន​ការប្រុងប្រយ័ត្ន​រៀងៗខ្លួន​។ ក្មេងៗ ចាស់ៗ ដែល​ពុំមានការអ្វីចាំបាច់ ក៏សូមបន្តនៅក្នុងតែផ្ទះ​។ រីឯអ្នកចេញក្រៅផ្ទះ ក៏សូមបន្ត​ពាក់ម៉ាសជាប់ជាប្រចាំ ឧស្សាហ៍​លាងសម្អាតដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព​។ វិធានការសាមញ្ញៗទាំងនេះ ប្រជាពលរដ្ឋយើង បានយល់ជ្រួតជ្រាប និងបានអនុវត្តជាប្រចាំរួចមកហើយ​ ថែមទាំង​បានការពារខ្លួន​ពីការឆ្លងជំងឺកូវីដ១៩ រួចមកហើយដែរ​៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed