ខេត្តបន្ទាយមានជ័យ
លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងប៉ោយប៉ែត អមដំណើរដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត្រ រួមជាមួយក្រុមការងារ ជាច្រើននាក់បានចុះពិនិត្យផ្លូវZO A ដែលខូចខាតប្រហែល១៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិចាន់គិរី ភូមិទួលប្រសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។ ក្នុងពិធីចុះពិនិត្យនោះលោក គឹង វណ្ណៈបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាផ្លូវZO A ដែលខូចខាត ប្រហែល១៥គីឡូម៉ែត្រមានគំរោងជួសជុលឡើងវិញក្នុងពេលខាងមុខនេះហើយដោយមានការចង្អុលបង្ហាញពីលោកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ។លោក គឹង វណ្ណៈបានប្រាប់អ្នកយកព័ត៌មានបន្តទៀតថាកំណាត់ផ្លូវ១ខ្សែនេះជាច្រើនកន្លែងបានរងការខូចខាតយ៉ាងខ្លាំងដោយសារទឹកភ្លៀងប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើររឆ្លងកាត់។តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាផ្លូវនេះវាមានសារៈសំខាន់ណាស់ជាផ្លូវសរសៃឈាមអ្នករស់នៅសង្កាត់ប៉ោយប៉ែតសំរាប់យកកសិផលយកទៅលក់នៅទីផ្សារ ពិសេសអ្នកជម្ងឺត្រូវការផ្លូវ១ខ្សែនេះខ្លាំងណាស់ក្នុងនោះក៏មានប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធ ក្រុងនិងខេត្តមេត្តាជួយជួសជុលផ្លូវនេះជាបន្ទាន់ផងដើម្បីពលរដ្ឋបានប្រើប្រាស់បានឡើងវិញ ។លោក គឹង វណ្ណៈនិងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យ វាយតម្លៃផ្លូវ១ខ្សែនេះក៏ដូចជាផ្លូវផ្សេងៗទៀតដែលរងការខូចខាតនិងលំបាកដល់ការប្រើប្រាស់ដើម្បីស្វែងរកដំណោះស្រាយហើយអស់លោកបានលើកសំណើទៅថ្នាក់លើដើម្បីរកប្រភពថវិកាយកមកជួសជុលផ្លូវនេះនៅពេលខាងមុខនេះឲ្យបានស្អាតឡើងវិញមិនឲ្យយូរឡើយ៕ ដោយលោកជឹងគា