(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញប្រកាសសមាភាពគណៈដឹកនាំចលនា យុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

សមាសភាពដែលត្រូវប្រកាសទទួលស្គាល់ក្នុងពិធីនេះមានចំនួន ៣៣២នាក់ តំណាងឱ្យសមាសភាពជាង ២,០០០នាក់ ដែលបានទទួលស្គាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា មកពីតំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១១៤ នៅទូទាំងប្រទេស។

លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានរាយការណ៍សង្ខេប អំពីលទ្ធផលជោគជ័យរបស់ក្រុមប្រឹក្សាក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២១ កន្លងទៅ។ លោក ស សុខា បានសង្កត់ធ្ងន់លើសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន ទោះបីកម្ពុជាបានរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានលើសផែនការកំណត់ លោកប្រធានបានបន្ថែមថា ស.ស.យ.ក បានបង្កើតចលនាយុវ័ជនមួយមានឈ្មោះថា «យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានសសរស្ដម្ភចំនួន៩ ព្រមទាំង បានលើកឡើងអំពីមូលហេតុ និងគោលបំណងនៃការបង្កើត «ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា» ដែលមានតួនាទីធ្វើជាសេនាធិការឱ្យប្រធាន ស.ស.យ.ក. និងមានភារកិច្ចបំពេញការងារសំខាន់ៗជាច្រើន ដើម្បីជាប្រយោជន៍ដល់យុវជនប្រមាណជាង ២០ម៉ឺននាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជនមាន លោកបណ្ឌិត ហេង វ៉ាន់ដា ជាប្រធាន។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន លោកបណ្ឌិត ធន់ វឌ្ឍនា ជាប្រធាន៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *