ភ្នំពេញ៖​ នៅថ្ងែសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណវត្តច្បារអំពៅ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា បានអញ្ចើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនចាស់ជរា១០គ្រួសារ ជនពិការ១០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី២​ ។

នាឱកាសនោះ​ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

លោកស្រី ហេង សុវត្ថា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួរ ម៉ាស២០​ ជែល១ដប​ និងថវិកាចំនួន២មុឺនរៀល​ ៕

By pcs

Leave a Reply

Your email address will not be published.