ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំ សន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា មកចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលកំពុងរៀបចំតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក រយៈពេល ៦ខែ នៅក្នុងទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមដោយ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់ មួយចំនួនទៀត នៃក្រសួងទេសចរណ៍ និងគណៈអភិបាលរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំង អំពីពន្លាជាតិកម្ពុជាយើង ដែលបានរៀបចំឡើង តាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នា រវាងវប្បធម៌នាសម័យបុរាណ និងការរីកចម្រើននាសម័យទំនើបបច្ចុប្បន្ន។ ឯកឧត្តម បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក នៅពេលនេះ គឺមានសារៈប្រយោជន៍ខ្លាំងណាស់ ក្រៅពីការបង្កើតទំនាក់ទំនងល្អ ជាមួយភាគីម្ចាស់ផ្ទះសហភាពអារ៉ាប់រួម ក៏ដូចជាជាមួយបណ្តាប្រទេស អ្នកចូលរួមនានា កម្ពុជាមានឱកាសផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍កម្ពុជា វប្បធម៌កម្ពុជាដ៏រុងរឿង ផលិតផលសក្តានុពលកម្ពុជា និងសមិទ្ធផលធំៗជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ។

By pcs

Leave a Reply

Your email address will not be published.

You missed