(កំពង់ចាម)៖ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកកោះសូទិន បានចាត់ទុកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានជោគជ័យមកដល់ពេលនេះដូចជាការផ្ដល់កំណើតទី៣ជូនប្រជាពលរដ្ឋដូច្នោះដែរ បន្ទាប់ពីកំណើតទី២ ថ្ងៃរំដោះ៧មករា ១៩៧៩ និងកំណើតទី១ ពីផ្ទៃមាតា។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២២ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកោះសូទិន ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យពិភពលោកទទួលស្គាល់ជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុងបរិបទកូវីដ១៩ កន្លងទៅនេះ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្ដារប្រទេសជាតិពីជំងឺកូវីដ១៩ បានជោគជ័យ ជាប់លំដាប់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសជាង១៨០ប្រទេសក្នុងពិភពលោក។

លោកថា ការជោគជ័យមួយនេះបានធ្វើឱ្យប្រទេសមួយចំនួនផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ។

ដោយឡែក លោក អ៊ុន ចាន់ដា បានយកឱកាសនោះជំរុញឲ្យបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើអំពើល្អដោយធ្វើការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះប្រធានភូមិ អនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យក្នុងពេលចុះបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ។ រីឯនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីត្រូវខិតខំបំពេញការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានអំពើចោរកម្ម កុំឲ្យមានល្បែងស៊ីសង កុំឲ្យមានបទល្មើសគ្រឿងញៀនជាដើម ពោលគឺអនុវត្តឱ្យបានគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង១២ចំណុច។

លោកប្រធានគណបក្សខេត្តបានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ៕

By pcs

Leave a Reply

Your email address will not be published.

You missed