ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាយើងបានជួបប្រទះជាច្រើនណាស់មកហើយ ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដែលបង្កើតឡើងដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យមហាជន បាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល ក៍ដូចជាធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ដោយសារការចែករំលែកបន្តមិនបានមើលគ្រប់ជ្រុងជ្រោយ ប៉ុន្ដែមានអ្នកសារព័ត៌មានយើង បានដើរតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិតដែលខ្លួនមាន” ហេតុនេះនាពេលនេះប្រជាពលរដ្ឋភាគច្រើន លែងមានជឿនិងទំនុកចិត្ដលើព័ត៌មានមិនពិតនោះហើយ ព្រោះពួកគាត់បានអានថ្លឹងថ្លែងព័ត៌មានមិនពិតនោះយ៉ាងត្រឹមត្រូវនិងយកចិត្ដទុកដាក់បំផុត ។

ឯកឧត្ដម ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងនៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប ស្ថិតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ។

ឯកឧត្ដម ខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា សិក្ខាសាលានាពេលនេះ យើងនឹងពិភាក្សាលើការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩ នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មានដោយសារតែ ៖ ទីមួយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ , ទីពីរផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងទីបីពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាលវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ កិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង” ដែលបានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ហើយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ ដែលជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម ដោយសារតែថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ៕

By pcs

Leave a Reply

Your email address will not be published.

You missed