ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយនាយទាហាន ពលទាហានជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យលើការងារហ្វឹកហ្វឺន របស់សិក្ខាកាមកុម្ម៉ង់ដូជំនាន់ទី១១ ក្នុងការហ្វឹកហ្វឺនបញ្ចប់នៅតំបន់សមុទ្រ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងភូមិសាស្ត្រតំបន់សមុទ្រពយតាលី ស្តិតក្នុងភូមិកោះខ្ចង ឃុំអូជ្រៅ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។
របាយការណ៍ហ្វឹកហ្វឺនទ័ពពិសេសបានឲ្យ ដឹងថា៖វគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូជំនាន់ទី១១នេះមានសិក្ខាកាមសរុបចំនួន៩៩នាក់ មកពីអង្គភាពចំនួន៣ គឺ សិក្ខាកាមមកពីបញ្ជាការដ្ឋានទ័ពពិសេសចំនួន៦៩នាក់ មកពីអង្គភាពកោះឆ្នេរចំនួន១៩នាក់ និងមកពី អង្គភាពកងពលតូចអន្តរាគមន៍លេខ១ចំនួន១០នាក់ ហ្វឹកហ្វឺនរយៈពេល ៥ខែ ចាប់ពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ឯក ចាប ភក្តី ក្នុងនាមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានពាំនាំនូវ បណ្តាំសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រូយោធាចារ្យ និង សិក្ខាកាមទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ ចំពោះក្រុមគ្រូយោធាចារ្យ ក្រុមបំរើការ និងសិក្ខាកាម ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀន និងហាត់ហ្វឹកហ្វឺន ក្រេបយកចំណេះដឹង ជំនាញជំនាញកុម៉ុង់ដូនៅគ្រប់តំបន់ទាំងវាលរាប ខ្ពង់រាប និងតំបន់សមុទ្រនាពេលនេះបញ្ចប់ដោយ ជោគជ័យ។ ឯកឧត្តម ចាប ភក្តី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែម ទៀត ដើម្បីសម្រេចជោគជ័យនៅពេលបញ្ចប់វគ្គ។
ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានដាក់នូវរហាស់នាមថ្មីជូន ដល់វគ្គកុម្ម៉ង់ដូទី១១នេះផងដែរថា៖ជាវគ្គកុម្ម៉ង់ដូអរគុណសន្តិភាព៕