ខេត្តបន្ទាយមានជ័យ:
អាជីវករលក់ដូរនៅផ្សារហ៊ុយឡេង និង ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាផ្អើលថុលដោយសារតែមានផ្ទះមួយខ្នងសង់ពីឈើប្រកស័ង្គសីត្រូវភ្លើងឆេះខ្ទេចខ្ទីអស់គ្មានសល់តែមួយប៉ព្រិចភ្នែកសោះតែសំណាងណាស់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចំរុះ ជួយពន្លត់ទាន់ពេលពុំមានភ្លើងឆេះរាលដាលដល់ផ្ទះជិតខាងនៅវេលាម៉ោង១០ ៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅខាងត្បូងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅជិតនោះបាននិយាយប្រាប់អ្នកយកព៍ត័មានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះហ៊ុនសុភី ស្រីអាយុ៤៣ឆ្នាំ និងប្តីមានឈ្មោះ
គឹមលាង អាយុ ៤៤ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យផ្ទះរបស់គាត់មានបណ្តោយ៧ម៉ែត្រនិងទទឹង៥ម៉ែត្រធ្វើអំពី ឈើប្រកស័ង្គសី។ហើយនៅមុនពេលកើតហេតុនោះប្រពន្ធបានចេញពីផ្ទះទៅយកកូនដែលបានទទួលសញ្ញាប័ត្រ ចំណែកប្តីក៏ចេញពីផ្ទះដែរចាក់ទ្វារផ្ទះចោលស្រាប់តែនៅម៉ោង១០នោះគេឃើញភ្លើងឆេះចេញពីក្នុងផ្ទះមួយសន្ទុះក្រោយមកស្រាប់តែភ្លើងឆេះពេញទំហឹងតែម្តងស្របពេលនោះមានប្រជាពលរដ្ឋជិតខាន និងសមត្ថកិច្ចចំរុះមានកំលាំងនគរបាលក្រុងសិរីសោភ័ណចំនួន១៥នាក់ដឹកនាំដោយលោកវរសេនីយ៍ឯកសុីឌី អធិការនគរបាលក្រុងសិរីសោភ័ណ នគរបាលរបស់ស្នងការ១៥នាក់ និងកំលាំងអាវុធហត្ថចំនួន៣០នាក់ និងរដ្ឋបាលក្រុងសិរីសោភ័ណដឹកនាំដោយលោកនាងហាវ និងមានរថយន្តពន្លត់អគ្គីសភ័យរបស់ស្នងការ និងក្រុងសិរីសោភ័ណចំនួន៣គ្រឿងនាំគ្នាជួយបាញ់ពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំមួយសន្ទះក្រោយមកភ្លើងបានរលក់ជាស្ថាពរដោយគ្មានរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀតនោះឡើយ។លោកវរសេនីយ៍ឯកសុីឌីបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថាទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុងមិនដឹងថាគិតជាប្រាក់អស់ប៉ុន្មាននោះទេហើយបើតាមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាផ្ទះដែលឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើងព្រោះនៅតំបន់នេះមានខ្សែភ្លើងរញ៉េរញៃពេញតែកន្លែងភ្លើងឆេះតែម្តង។ចំណែកម្ចាស់ផ្ទះបានត្រឹមតែអង្គុយយំលែងចេញស្រែកថាខំរកសីុអស់មួយជីវិតហើយសល់លុយផ្ទះនិងឥវ៉ាន់បន្តិចបន្ទួចគ្រាន់តែមួយប៉ព្រិចភ្នែកសោះត្រូវភ្លើងឆេះអស់គ្មានសល់គេថាសុខចិត្តឲ្យលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ សូម្បីកន្តុរ១ក្បាលក៏មិនសល់ដែរ។