ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូឆក់កាបូបលុយ ខ្សែករ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យ កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញអន្តរាគមន៍ ចេញល្បាត ទ្រោលសភាពការណ៍ ស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ករណីជិះម៉ូតូឆក់ការបូបលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ មាន៖

ទី១-ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ធ្លាប់ចេញឆក់ ចំនួន០៦ដង។

ទី២-ឈ្មោះ ស ដ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅ សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ ចំនួន០៤ដង ។

ទី៣-ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៣ដង។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ បានមានប្រសាសន៍ថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានចេញឆក់ជាបន្តបន្ទាប់មែន អំឡុងពេលឆ្លងឆ្នាំសាកល និងដើមខែមករានេះ គឺចេញឆក់នៅផ្លូវដើមពុទ្ទ្រា ផ្លូវវត្តត្រាច ផ្លូវម្តុំខារ៉ាអូខេអេហ្វផ្លាស់ និងតាមផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចេញឆក់ជាថ្មី ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង។ក្រោយសួរនាំជនសង្ស័យទាំង៣នាក់ត្រូវបាន ការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *