ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣ នេះ។ កត្តានេះ នឹងអាចជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា មួយកម្រិត តាមរយៈការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្មមិនមែនកាត់ដែរ។

លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មីនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងពេលដែលលោក រួមជាមួយលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុ អន្តរជាតិប្រចាំនៅកម្ពុជា បានដឹកនាំក្រុមបេសកកម្មរបស់មន្រ្តី (Staff Visit) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងជំនួបនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីសារសំខាន់នៃបេសកកម្មរបស់មន្រ្តី នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលនេះ ក្នុងខណៈដែលកម្ពុជា កំពុងរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៤ និងក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល បាន និងកំពុងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃភូមិសាស្រ្តនយោបាយ, សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន, ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ, ការបែកខ្ញែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច, និងកំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ជាដើម។ កត្តាទាំងនេះបានជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជាផងដែរ។

លោក Davide Furceri បានលើកឡើងថា ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្ដី, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ បន្ដរក្សាបានកំណើនមួយល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការវិលត្រឡប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញនៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា។

ជាមួយគ្នានេះ លោក Davide Furceri បានបញ្ជាក់ពីការបន្ដគាំទ្រក្នុងការផ្តល់ជំនួយបច្ចេក ទេសនានា ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពមន្ដ្រីផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈកម្ពុជា ក៏ដូចជា ការផ្តល់អនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តជាតិសំខាន់ផ្សេងៗទៀត និងបានជូនពរក្រុមការងារឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការងារក្នុងឆ្នាំ ២០២៣នេះ។

យោងតាមរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចសកលរបស់ IMF ចេញផ្សាយកាលពីខែមេសាកន្លងទៅនេះ បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងមានកំណើន ៥,៨% នៅឆ្នាំ ២០២៣ ដែលស្ថិតក្នុងចំណោមប្រទេសមានសម្ទុះកំណើនខ្ពស់បំផុតលំដាប់ទីពីរនៅអាស៊ាន ដែលស្មើនឹងប្រទេសវៀតណាម និងបន្ទាប់ពីប្រទេសហ្វីលីពីន និងស្ថិតក្នុងលេខរៀងទី ១៤នៅលើពិភពលោក។

ទន្ទឹមនឹងនេះ IMF នៅតែប្រមើលឃើញថា កំណើន GDP របស់កម្ពុជា នឹងស្ទុះងើបឡើងដល់ ៦,២% នៅឆ្នាំ ២០២៤ ដែលនឹងរក្សាចំណាត់ថ្នាក់ខ្ពស់ជាងគេទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដដែល បន្ទាប់ពីប្រទេសវៀតណាម ដែលរំពឹងថា នឹងមានកំណើន ៦,៩% ហក់ឡើងឈរនៅលេខរៀងទី១វិញ៕

By pcs

Leave a Reply

Your email address will not be published.

You missed