ភ្នំពេញៈ នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ លើកកម្ពស់​សុខភាព ដែលជា​មន្ត្រី​ទទួលបន្ទុក ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ នៃ ក្រសួងសុខាភិបាល បាន​ក្រើ​រំឭក​ដល់ ស្ថាប័ន​សាធារណៈ ទាំងអស់ តាំងពី​ក្រសួង មន្ទីរពេទ្យ សាលារៀន សាលាឃុំ សង្កាត់ ព្រឹត្តិការណ៍​កីឡា សកម្មភាព​មនុស្ស ធម៌ និង សូម្បីតែ​វត្ត​អារាម​ក៏ដោយ កុំឱ្យ​ទទួលយក​អំណោយ ពី​ក្រុមហ៊ុន​ថ្នាំជក់​ថា « ការផ្តល់​អំណោយ ណាមួយ​របស់ ក្រុម​ម​ហ៊ុន​ថ្នាំជក់ ដែលមាន​ភ្ជាប់​ទៅជា​មួយ នូវ​ឈ្មោះ​របស់ ក្រុមហ៊ុន​ថ្នាំជក់ និម្មិត​សញ្ញា សម្គាល់ នៃ​ក្រុមហ៊ុន​ថ្នាំជក់ ឬ សញ្ញា​សម្គាល់ នៃ ផលិតផល​ថ្នាំជក់ គឺជា​ទង្វើ​ដែល​ត្រូវបាន ហាមឃាត់ ដាច់ខាត ដោយ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ។ ហេតុដូច្នេះ ក្នុងករណី​ក្រុមហ៊ុន​ថ្នាំជក់ ណាមួយ​ផ្តល់​ជា​អំណោយ​អ្វី​ម្យ៉ាង សូម្បីតែ​ជា​ថវិកា​ក៏ដោយ ដែលមាន​ភ្ជាប់​ទៅជា​មួយ នូវ​ឈ្មោះ​របស់ ក្រុមហ៊ុន​ថ្នាំជក់ និម្មិត​សញ្ញា​សម្គាល់​ក្រុមហ៊ុន​ថ្នាំជក់ ឬ និ​សម្មិត​សញ្ញា​សម្គាល់​ផលិតផល​ថ្នាំជក់ សូមមេត្តា​កុំ​ទទួលយក​ឱ្យសោះ ព្រោះថា​ទង្វើ​ទាំងអស់នោះ គឺជា​អំពើ​បំពាន​ច្បាប់ »​។​

​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះដែរ លោក កែវ សុខ​គា ជា​មេធាវី​ម្នាក់ នៃ​ក្រុម​មេធាវី SKP ដែលជា​អ្នក​បានធ្វើការ លើ​វិស័យ​ថ្នាំជក់ នៅ​កម្ពុជា តាំងពី​ដើមទី​មក បាន​បន្ថែមថាៈ « ការណ៍​ដែល ស្ថាប័ន​សាធារណៈ ទទួលយក​អំណោយ​ណាមួយ ពី​ក្រុមហ៊ុន​ថ្នាំជក់ ដែលមាន​ភ្ជាប់​ទៅជា​មួយ​នូវ ឈ្មោះ​របស់​ក្រុមហ៊ុន​ថ្នាំជក់ និម្មិត​សញ្ញា​សម្គាល់​ក្រុមហ៊ុន​ថ្នាំជក់ ឬ និម្មិត​សញ្ញា​សម្គាល់ ផលិតផល​ថ្នាំជក់ គឺជា​ការរួមចំណែក ប្រព្រឹត្ត​ល្មើសច្បាប់ ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់​»​។​

​ការលើកឡើង​របស់លោក​ស្រី វេជ្ជបណ្ឌិត ឈា ឆដាភា ក៏ដូចជា លោក​មេធាវី កែវ សុខ​គា យ៉ាង​ដូច្នេះ បន្ទាប់ពី​ប្រមាណ​ជា ២ ខែ ចុងក្រោយ​នេះ ត្រូវបាន​ឃើញថា មាន​ក្រុមហ៊ុន​ថ្នាំជក់​ខ្លះ បាន​ឆ្លៀតពេល បញ្ជ្រាប សកម្មភាព​ផ្សព្វផ្សាយ ឬ ប្រូ​ម៉ូ​សិន ផលិតផល​ថ្នាំជក់​របស់ខ្លួន តាមរយៈ​រូបភាព​ផ្តល់​អាល់កុល ភ្ជាប់​ទៅជា​មួយ​នូវ​ឈ្មោះ របស់​ក្រុមហ៊ុន​ថ្នាំជក់ សញ្ញា​សម្គាល់​ក្រុមហ៊ុន​ថ្នាំជក់ និង បារី​រាប់​សុង ជាដើម ដល់​សាលាឃុំ ឬ ដោយ​ប្រើ​រូបភាព​ថា ចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ហើយ​ថត​បង្ហោះ តាម​ហ្វេ​ស​ប៊ុ​ក របស់ សាលាឃុំ សង្កាត់ និង ផេ​ករ​បស់​ក្រុមហ៊ុន​ជាដើម ដែល​ទង្វើ​ទាំងនោះ ត្រូវបាន​ច្បាប់​កំណត់ ច្បាស់លាស់ អស់ហើយ​ថា ជា​អំពើ​ឆ្លៀត​ផ្សព្វផ្សាយ ផលិតផល​ថ្នាំជក់​តែប៉ុណ្ណោះ ។​

​ក៏មាន​ក្រុមហ៊ុន​ថ្នាំជក់​ខ្លះ បាន​ឆ្លៀត​ពេលធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ និង​ផ្សព្វផ្សាយ​នូវ ខិត​បណ្ណ​លើកទឹកចិត្ត អ្នកប្រើប្រាស់ ដោយ​ការផ្ដល់​បន្ថែម ដូចជា ដែកកេះ ឆត្រ ដែលមាន​សញ្ញា​សម្គាល់​ក្រុមហ៊ុន​ថ្នាំជក់ អ្នកប្រើប្រាស់​យក​សម្បក​កញ្ចប់​បារី ដែល​ប្រើប្រាស់​រួច ទៅ​ប្ដូរ​យក បារី ថ្មី និង រៀបចំ​ឱ្យ​នារី ដើរ​ផ្សព្វផ្សាយ​បារី របស់ខ្លួន​ជាដើម ដែល​ទង្វើ​ទាំងនេះ សុទ្ធតែជា​ទង្វើ ដែល​ត្រូវបាន​ហាមឃាត់​ដាចខាត ដោយ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ។​

​លោកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា បាន​បន្ថែមថាៈ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ តាម​នីតិវិធី​ចំពោះ ក្រុមហ៊ុន​ថ្នាំជក់​ទាំងនោះ ហើយ​កន្លងមក ក្រសួងសុខាភិបាល ក៏​ធ្លាប់បាន​ប្តឹង ក្រុមហ៊ុន​ថ្នាំជក់ ទៅ​តុលាការ ដែរ ។ ទោះយ៉ាងណា ទាំង ក្រសួងសុខាភិបាល ទាំង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តែងតែបាន​ប្រកាន់ គោលជំហរ​ផ្សព្វផ្សាយ អប់រំ ណែនាំ ជាមុនសិន ហើយនឹង​អាចឈាន​ដល់ ការប្តឹង​ទៅ​តុលាការ លុះណាតែ ក្រុមហ៊ុន​ទាំងនោះ មិន​ព្រម​រាងចាល ឬ នៅតែ​បំពាន​លើ បម្រាម​ទាំងឡាយ នៃ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ។

​បើតាម​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​ថ្នាំជក់ ក្រុមហ៊ុន ឬ បុគ្គល​ទាំងឡាយណា បំពាន​លើ​បម្រាម​ទាំងនេះ នឹងត្រូវ​ទទួល​ការព្រមាន ជា​លិខិត ពិន័យ​ជា​ប្រាក់ និង អាចឈាន​ដល់ ការដក​សិទ្ធិ​ធ្វើ​អាជីវកម្ម ក្នុងករណី​ក្រុមហ៊ុន ឬ បុគ្គល​ទាំងនោះ នៅតែ​បំពាន​លើ​បម្រាម ឬ នៅតែ​មិន​រាងចាល ។​

​លោក​មេធាវី កែវ សុខ​គា បានបញ្ជាក់​ថាៈ ស្ថាប័ន​សាធារណៈ អាច​ទទួលយក​អំណោយ ពី​ក្រុមហ៊ុន​ថ្នាំជក់ បានតែ​ក្នុងករណី​មួយ​ប៉ុណ្ណោះ គឺ​អំណោយ​ទាំងនោះ គ្មាន​ភ្ជាប់​ឈ្មោះ​របស់ ក្រុមហ៊ុន​ថ្នាំជក់ គ្មាន​ភ្ជាប់​និម្មិត​សញ្ញា ក្រុមហ៊ុន​ថ្នាំជក់ ឬ សស​ញ្ញាស​ម្កាល់ នៃ ផលិតផល​ថ្ន​ជក់ ។ តាំងពី​ការតាក់តែង​ច្បាប់ ក៏ដូចជា ការអនុវត្ត​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែរ សុ​ក្រុមហ៊ុន​ថ្នាំជក់ តែងតែ​បង្ក​ឧបសគ្គ​រារាំង ដល់​ដំណើរការ​ទាំងនោះ ហេតុនេះ សូម​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ មេត្តា​ជំរុញ និង គាំទ្រ​បន្ថែមទៀត ដល់​ការងារ​ទាំងឡាយ របស់​អ្នកអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់​នៅ កម្ពុជា ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed