ចេញផ្សាយ២៨-មីនា-២០២៣ ស្វាយរៀង៖ ​អភិបាលខេត្តស្វាយរៀង ​លើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលខ្ពស់គួរឲ្យកត់សម្គាល់ ដែលឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១ ហើយមិនមានឃុំ សង្កាត់ណាមួយដែលមិនទទួលបានចំណាត់ថ្នាក់នោះទេ។ នេះបើយោងតាមរដ្ឋបាលខេត្តស្វាយរៀង។

ការថ្លែងនេះរបស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពនៅខេត្តស្វាយរៀង។ ​

ក្នុងឱកាសនោះ លោកអភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា សូមសម្ដែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានយកចិត្តទុកដាក់ចូលរួមសហការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ឃើញថា ទទួលបានលទ្ធផលខ្ពស់គួរឲ្យកត់សម្គាល់ ដែលឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១ មានចន្លោះពី៧៦ ទៅ ៧៨ឃុំ សង្កាត់ នៃឃុំ សង្កាត់ទាំង៨០ ហើយមិនមានឃុំ សង្កាត់ណាមួយដែលមិនទទួលបានចំណាត់ថ្នាក់នោះទេ។

​ជាមួយគ្នានេះដែរ លោកអភិបាលខេត្តស្វាយរៀង បានលើកឡើងថា ស្របនឹងស្ថានភាព នៃសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រទេសជាតិមាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាន។ លោកថាកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលយើងអាចនិយាយបានថា «មិនមានការអភិវឌ្ឍណាមួយអាចកើតឡើង ដោយគ្មានស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនោះទេ»៕

By pcs

Leave a Reply

Your email address will not be published.

You missed