បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និបាតសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីបើកអង្គសន្និបាត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ កម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូយកចិត្តទុកដាក់ដល់មនុស្សវ័យចាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសចំពោះការបញ្ជាដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សម្តេចតេជោ ដែលជាសមិទ្ធិកម្មប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា​អង្គសន្និបាតនៅថ្ងៃនេះ គឺដើម្បីបូកសរុបលទ្ធផលការងារមនុស្សចាស់ដែលយើងបានបង្កើតឡើងតាំងពីអាណត្តិទី១ ឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២១ និងប្រកាស សមាភាពថ្នាក់ដឹកនាំសមាគមមូលនិធិមនុស្សចាស់អាណត្តិទី២ ព្រមទាំងទិសដៅការងារដែលសមាគមត្រូវអនុវត្តបន្តដើម្បីធ្វើឲ្យប្រសើរដល់ការគាំពារដល់មនុស្សវ័យចាស់ នៅក្នុងខេត្តបន្ទាយមានជ័យយើង។

បន្ទាប់ពីបានស្តាប់នូរបាយការណ៍សមាគមមូលនិធិមនុស្សចាស់ខេត្ត ក្នុងរយៈពេល១អាណត្តិ (ឆ្នាំ២០១៦-ឆ្នាំ២០២១) រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន វិស័យសាសនា វិស័យឯកជន កាកបាទក្រហមកម្ពុជា សមាគមមនុស្សចាស់ អង្គការជាតិ អន្តរជាតិ សប្បុរសជន និងប្រជាជនខេត្តបន្ទាយមានជ័យទាំងមូលចំពោះការរួមចំណែកការពារសុខសន្តិភាព អធិបតេយ្យភាព ការទប់ស្កាត់ជំងឺកូវីដ-១៩ ជួយអភិវឌ្ឍវិស័យមនុស្សវ័យចាស់ និងគ្រោះធម្មជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងមក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងបានផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខលោកយាយ លោកតា បង ប្អូន ដែលជាមនុស្ស វ័យចាស់ និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ រាជរដ្ឋាភិបាលកម្ពុជា​ បានអភិវឌ្ឍជាបន្តបន្ទាប់នូវគោលនយោបាយមនុស្សចាស់ យន្តការ និងសកម្មភាពផ្សេងៗទៀតដើម្បីជួយគាំពារមនុស្សចាស់។

ដូចនេះការបង្កើតឡើងនូវ សមាគមមនុស្សចាស់ សមាគមអតីតយុទ្ធជន និងជាពិសេសសមាគមមូលនិធិមនុស្សចាស់ក្នុងខេត្តបន្ទាយមានជ័យ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យមនុស្សវ័យចាស់។

ក្នុងអង្គពិធីបិទអង្គសន្និបាត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យសមាគមមូលនិធិមនុស្សចាស់បន្តខិតខំសហការគ្នាពង្រឹងយន្តការដឹកនាំ សកម្មភាពមនុស្សចាស់តាមមូលដ្ឋាន និងកៀគរការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ និងអន្តរជាតិដែលធ្វើការងារមនុស្សចាស់។ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធត្រូវគាំទ្រគ្រប់មធ្យាបាយដល់មនុស្សវ័យចាស់នៅតាមមូលដ្ឋាន ។បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមមូលដ្ឋាន និងអនុវត្តឲ្យបានមុឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ បន្តចូលរួមអភិវឌ្ឍខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានភ្ជាប់មកជាមួយអំណោយជូនលោកតា លោកយាយជានិវត្តន៍ជនចំនួន៦៥នាក់ ដែលម្នាក់ៗទទួលបាន គ្រឿងឧបភោគ បរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកាមួយចំនួន។

បន្ទាប់ពីចប់អង្គសន្និបាត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់សាមគ្គីជាមួយលោកយាយ លោកតាជានិវត្តន៍ជន។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *