ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួន​មេបញ្ជាការ​និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ទៅកាន់សាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង១០ព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរស្រាវជ្រាវតាមនីតិវិធី អស់រយៈពេល២ថ្ងៃ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។​

ជនសង្ស័យ​ទី១ មានឈ្មោះ ទេព ហ៊ុយ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ និង
ជនសង្ស័យទី២ មានឈ្មោះ គឹម សុវណ្ណារឹទ្ធ តួនាទីជា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺធ្វើឡើងបន្ទាប់ពីមានបញ្ជារផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លើករណីប្រើអំពើហឹង្សាទៅលើក្មេងស្រី២នាក់ ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឲ្យរងរបួស បច្ចុប្បន្នកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។​

គូសបញ្ជាក់ថា ករណីវាយធ្វើបាប និងទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជា១០យប់ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ៕ដោយសហការី

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed