(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាត្រៀមនាំយកនិស្សិតនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទៅកាន់ការដ្ឋានសាងសង់នានា ទោះមិនស្ថិតនៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដោយ ដើម្បីស្វែងយល់ពីបទពិសោធន៍និងការ អនុវត្តជាក់ស្តែងលើការងារសាធារណការ។

គម្រោងដែលនឹងត្រៀមនាំនិស្សិតទៅរួមមានដូចជា៖ ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមានគម្រោង សាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពីពីរគន្លងទៅបួនគន្លង គម្រោងពង្រឹង គុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១ រួមទាំងព្រលានយន្តហោះភ្នំពេញថ្មីផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លោក លោកស្រីថ្នាក់ដឹកនាំនិងក្រុមការងារវិទ្យាស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិតឱ្យក្លាយជាវិស្វករ អាចកសាងផ្លូវស្ពាន ប្រកបដោយគុណភាពជូនប្រទេសជាតិមាតុភូមិ ដូនតាបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទ ផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះយើងមនុស្សជំនាន់ក្រោយគួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តដល់និស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីមានសមត្ថភាពបច្ចេកទេស ចំណេះដឹង និងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងយកចំណេះវិជ្ជាទៅជួយកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាព ថ្នាក់ដឹកនាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិផងដែរ។

សូមជម្រាបថា៖ ការប្រឡងបញ្ចប់ឆមាសទីពីរនេះនឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃពេញ ទាំងព្រឹក និងពេលរសៀល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយការ ប្រឡងនេះនឹងត្រូវធ្វើរួមគ្នា នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននិស្សិតចូលរួមប្រឡងសរុប ប្រមាណ១៩១រូប ចូលរួមប្រឡងជាមួយគ្នា ក្នុងសាលតែមួយ៕

By pcs

Leave a Reply

Your email address will not be published.

You missed