
ភ ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
ភ្នំពេញ ÷ មជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅល្ងាចថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះគម្រោងដែលជាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា មានទឹកប្រាក់ ៥ ម៉ឺន ដុល្លារអាម៉េរិក ហើយឯកអគ្គរដ្ឋទូតឥណ្ឌា បានបង្ហាញនូវឆន្ទៈចង់ឃើញនិស្សិតខ្មែរ ទៅសិក្សានៅឥណ្ឌា កាន់តែច្រើនថែមទៀត ហើយជាពិសេសថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាស្ពានដ៏សំខាន់សម្រាប់ទំនាក់ទំនងឥណ្ឌា-កម្ពុជា។
សមិទ្ធផល ដែលត្រូវបានសម្ពោធលោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាកេដ កម្ពុជា និងឥណ្ឌាជាផ្លូវការនៅថ្ងៃនេះ ពុំមែនជារឿងចៃដន្យទេ ពោលគឺវាបានកើតចេញពីឆន្ទៈយ៉ាងច្បាស់លាស់ ហើយបើនិយាយឱ្យច្បាស់ជាងនេះបន្តិចថា តាំងពីពេលដែលខ្ញុំត្រូវបានតែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាមក ខ្ញុំបានជួបជាមួយ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ហើយក៏បានពិភាក្សា និងព្រមព្រៀងគ្នាថា នឹងបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យានៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជឡើងហើយឥឡូវនេះ លទ្ធផល ក៏បានកើតចេញជារូបរាងដែលកំពុងត្រូវបានសម្ពោធជាផ្លូវការនេះឯង។
នេះគឺជាការលើកឡើងរបស់លោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាកេដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នាឱកាសអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យានៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនរាជ នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាកេដ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួនម្នាក់បានលើកឡើងអំពីទំនាក់ទំនង កម្ពុជា និងឥណ្ឌា ដែលធ្លាប់មាននឹងគ្នាតាំងពីរាប់ពាន់ឆ្នាំមកហើយ ជាពិសេស តាមរយៈព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ។ ហេតុនេះស្ថានទូតឥណ្ឌា បានចាត់ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាស្ថាប័នឈានមុខគេ វិស័យពុទ្ធិកសិក្សានៅកម្ពុជានេះថា ជាស្ពានដ៏សំខាន់មួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា ហើយតាមរយៈទំនាក់ទំនងដ៏ត្រកាលនេះ ស្ថានទូតឥណ្ឌា ជាពិសេសលោកស្រីបណ្ឌិតផ្ទាល់ ចង់ឃើញ ហើយរំពឹងយ៉ាងមុតមាំថា នឹងមាននិស្សិតខ្មែរ ទៅសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសឥណ្ឌា កាន់តែច្រើនថែមទៀត ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ហើយក្នុងនោះក៏រួមទាំងឯកទេសព័ត៌មានវិទ្យា ឬ IT នេះផងដែរ ពីព្រោះឥណ្ឌាមានអាហារូបករណ៍សម្រាប់និស្សិតខ្មែរជារៀងរាល់ឆ្នាំ ។
សូមជម្រាបថា គម្រោងមជ្ឈមណ្ឌលព័ត៌មានវិទ្យារបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលត្រូវបានសម្ពោធនៅពេលនេះ មានតម្លៃជាទឹកប្រាក់សរុប ៥ ម៉ឺនដុល្លារ ដែលជាថវិកាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានមានព្រះថេរដីកាថា ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាពេលនេះ ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់សមណនិស្សិត និងនិស្សិតប្រុសស្រីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដ្បិតថា ទោះសិក្សាមុខជំនាញអ្វី ក៏សុទ្ធតែត្រូវការកុំព្យូទ័រ ព័ត៌មានវិទ្យា ហើយសម័យឌីជីថលនេះគេមិនអាចខ្វះចំណេះដឹងផ្នែកព័ត៌មានវិទ្យានេះបានទេ៕




