(បន្ទាយមានជ័យ)៖ ជំនន់ទឹកភ្លៀង និងទឺកហូរធ្លាក់ពីប្រទេសថៃ កំពុងគំរាមកំហែងស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះក្រុងសិរីសោភ័ណ ក៏រងការជន់លិចខ្លាំងផងដែរ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារហើយ បានជន់លិច។

នៅចំពោះមុខស្ថានភាពគំរាមកំហែងពីការជន់លិចនេះ កងទ័ពជាកម្លាំងសង្គ្រោះមកពីបណ្តាអង្គភាពនានា បានត្រៀមលក្ខណៈសម្បត្តិជាប់ជាប្រចាំក្នុងការចេញជួយសង្គ្រោះ និងរៀបចំបោះតង់សម្រាប់ការស្នាក់អាស្រ័យបណ្តោះអាសន្នជូនពលរដ្ឋរងគ្រោះ។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានដំឡើងត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ្ឌ។

ជាមួយគ្នានេះក្រុមការងារសង្គ្រោះក៏បានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ, កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ១៩ក៏ដោយ ក៏កម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ មិនឱ្យប្រជាពលរដ្ឋជួបការលំបាកឡើយ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed