បាត់ដំបង ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចវត្តអំពិលប្រាំដើម ភូមិអំពិលប្រាំដើម ឃុំអំពិលប្រាំដើម ស្រុកបវេល មានករណីភ្លើងឆេះកុដិលោកសង្ឃ១ខ្នង របស់ព្រះសង្ឃព្រះនាម ជិន ទៀង ភេទប្រុស ព្រះជន្ម ៥០វស្សា រស់នៅភូមិកើតហេតុខាងលើ ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា កុដិព្រះសង្ឃដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៣.៥០ម៉ែត្រ គុណនឹង ៥ម៉ែត្រ ធ្វើពីថ្ម ជញ្ជាំងឥដ្ឋ ដំបូលបេតុង ។ ការខូចខាតក្នុងកុដិទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ៣.០០០.០០០ (បីលាន)រៀល ។
ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ខណៈព្រះសង្ឃនិមន្តបិណ្ឌបាត្រ)។
ករណីនេះ បើគិតពីកន្លែងកើតហេតុមកស្ថានីយ៍រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកប្រហែល ១២គីឡូម៉ែត្រ កម្លាំងនគរបាលស្រុកបានប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ៕
