បាត់ដំបង៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានថ្លែងថា ឆ្នាំ២០២២ កម្ពុជាទទួលបានថវិកាចំនួន​ ២២,៥ ០០០លានដុល្លារ​ ពីការនាំចេញទំនិញ និងផលិតផលគ្រប់ប្រភេទទៅក្រៅប្រទេស ខណៈឆ្នាំ២០១៩ មុនពេលមានវិបតិ្តជំងឺកូវីដ-១៩ កម្ពុជានាំចេញបានត្រឹមតែ​ ១៤,៧ ០០០លានដុល្លារ​ ប៉ុណ្ណោះ គឺមានការកើនឡើងរហូត៥២%។

លោក ឈួន ដារ៉ា បានលេីកឡេីងដូចនេះ​ ក្នុងពិធីកាត់ខ្សែបូសម្ពោធបើកឲ្យដំណើរការជាផ្លូវការពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៣ នៅខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣​ ក្រោមប្រធានបទ យើងរួមគ្នាជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង ដោយមានកិច្ចសហការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ក្រោមវត្តមានការចូលរួមពី លោក ផង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំងតំណាងក្រុមហ៊ុន សហគ្រាសកម្ពុជា អាជីវករ ពាណិជ្ជករជាច្រើនទៀត ។

លោកបានបន្តថា​ ទោះបីជា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារនេះបានច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចខ្វះបានពីការចូលរួមចំណែកពីប្រជាកសិករ អាជីវករ ពាណិជ្ជករ អ្នកផលិត និងក្រុមហ៊ុនតូចធំទាំងអស់ ដើម្បីរួមគ្នាធ្វើយ៉ាងណាឲ្យស្របទៅតាមគោលដៅនៃការកំណត់ចង់បានពីបណ្តាប្រទេសដែលយើងនាំចេញ ។

អភិបាលរងខេត្តបាត់ដំបង លោក ផេង សិទ្ធី និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកឧកញ៉ា ភួ វាសនា បានបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មពាណិជ្ជកម្ពុជា២០២៣គឺចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យបានស្គាល់ផលិតផលនិងសេវា ដែលមានក្នុងខេត្តបាត់ដំបង ក្នុងការជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់សិប្បកម្ម សហគ្រាស ក្រុមហ៊ុន ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីបម្រើទីផ្សារ ក៏ដូចជាផ្សព្វផ្សាយសក្តានុពលរបស់ខេត្តបាត់ដំបង ដោយសារខេត្តនេះស្ថិតក្នុងប៉ូលសេដ្ឋកិច្ចសំខាន់ទី៤ និងជាតំបន់កណ្តាលសម្រាប់ចែកចាយទំនិញបន្តទៅខេត្តផ្សេងៗនៅជុំវិញ ហើយជាខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្មជាមូលដ្ឋានដូចជា បន្លែ ផ្លែឈើ ការកែច្នៃកសិផល ជលផល ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និងស្វែងរកដៃគូទិញ-លក់ យកទៅចែកចាយបន្ត និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដោយធ្វើយ៉ាងណាជំរុញសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានឱ្យផុលផុស ដើម្បីផ្ដល់ឱកាសដល់ផលិតករ សិប្បករ សហគ្រាសធុនតូច និងមធ្យម បានចូលរួមនាំយកផលិតផល មកដាក់តាំងបង្ហាញជូនភ្ញៀវទស្សនាផង និងដើម្បីស្វែងរកដៃគូពាណិជ្ជកម្មផងដែរ ។

លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត និងជាតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣នេះ គឺជាវេទិកាដ៏សំខាន់ ដែលផលិតករ ពាណិជ្ជករ សហគ្រាសធុនតូច និងមធ្យមមកពីរាជធានី-ខេត្តផ្សេងៗ បានមកជួបជុំគ្នាក្នុងការសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈការដាក់តាំងបង្ហាញផលិតផល និងសេវា ជូនភ្ញៀវទស្សនា ។ ក្រៅពីការដាក់តាំងបង្ហាញ អ្នកតាំងពិព័រណ៍ទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីសិក្ខាសាលា ពិគ្រោះយោបល់ រយៈពេល៣ថ្ងៃ ក្រោមប្រធានបទផ្សេងៗពីគ្នា ទាក់ទងនឹងផលិតកម្ម ការជំរុញទីផ្សារ ពង្រឹងការគ្របគ្រង ក្រុមហ៊ុន សហគ្រាស និងការអភិវឌ្ឍផលិតផលជាដើម៕

By pcs

Leave a Reply

Your email address will not be published.