ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកដំណើរការឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០នាទី បន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ។

អាជ្ញាធរកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចំណែកអាជ្ញាធរថៃ ដឹកនាំដោយឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ភាគីទាំង២ បានធ្វើការឯកភាពគ្នា នឹងបើកដំណើរការច្រកអន្តរជាតិអូរស្មាច់ឡើងវិញ ចាប់ពីម៉ោង ១០៖៣០នាទី​ព្រឹក​នេះ​ ។

ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់កាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិតថៃឡង់ផាស (Thailand Pass) ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរពេញប្រទេសថៃ ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេសថៃបានចំនួន៣ថ្ងៃ និងមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

ជាមួយគ្នានេះឯកឧត្ដម ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានប័ណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ៕

By pcs

Leave a Reply

Your email address will not be published.

You missed