រាជធានីភ្នំពេញ ៖ ស្របពេលអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បាននិងកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនិងបង្ការដើម្បីគ្រប់គ្រងស្ថានការកុំឲ្យឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈនោះ ជនឆ្លៀតឱកាសមួយក្រុមមាន ជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន១២នាក់ បន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យជួរមុខចុះយកសំណាក ហើយក៏ចាប់ជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលជំនាញបង្ក្រាបបាន ។ ករណីចាប់ជំរិតទារប្រាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅមុខខុនដូរ PRIME PLAZA ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចជំនាញបន្ដស្រាវជ្រាវបង្ក្រាប រហូតដល់វេលាម៉ោង០៤រសៀលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទើបរកឃើញ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ នៅទីតាំងផ្ទះលេខ០៤ និងលេខ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ ប៉ូស៊ីតាណូ ប្លូទិក ហូថេល ដោយកម្លាំងជំនាញបានរំដោះបុរសជនរងគ្រោះ ដោយសុវត្ថិភាព ។ ការចូលរួមសហការ ដោយលោក ម៉ុត ដារ៉ា ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ និងលោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ និងបានសហការជាមួយកម្លាំងជំនាញជាច្រើនបន្ថែមទៀត ។
ប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបានស្លៀកពាក់ឯកសណ្ឋានឈុតស ដូចក្រុមគ្រូពេទ្យជួរមុខ បន្លំធ្វើជាចុះយកសំណាក ដើម្បីធ្វើសកម្មភាព ចាប់ជនរងគ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួចជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ ។ បន្ថែមទៀតនោះ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពរួច ទើបកម្លាំងសមត្ថកិច្ចជំនាញ ទទួលបានព័ត៌មាន ក៏សហការជាមួយមូលដ្ឋាន ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតជួយរំដោះជនរងគ្រោះ ដែលជាជនជាតិចិន រួចកម្លាំងនគរបាលបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន និងវៀតណាមបន្តបន្ទាប់ចំនួន១២នាក់ ក្នុងនោះស្រីម្នាក់ជនជាតិចិន នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីជាជនជាតិចិន និងវៀតណាម ទាំង១២នាក់ និងវត្តុតាង ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត ៕
