សៀមរាប÷ ក្រុមលោក ឃឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំមនុស្សឱ្យជួបជុំនៅក្នុងដីចម្ការម្រេច នាភូមិថ្មជល់ និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ នៅមិនទាន់មានការរំសាយនៅឡើយទេរហូតមកដល់ថ្ងៃរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការអះអាងរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ លោកនៅមិនទាន់ឃើញក្រុមប្រជាពលរដ្ឋ ដែលមកជួបជុំគ្នានោះ បានរុះរើដើម្បីរំសាយ ឬក៏មានបំណងចាកចេញពីកន្លែងជួបប្រជុំនៅឡើយទេ ដោយចំនួនអ្នកបានចាកចេញគឺមានចំនួនតិចនៅឡើយ។ លោកបានបន្ដថា អាជ្ញាធរស្រុកបន្ទាយស្រី បានដាក់បញ្ជាយ៉ាងតឹងតែងនៅរសៀលថ្ងៃនេះ ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកលក់ដូរ ចំណីអាហារ ឬក៏របស់របរប្រើប្រាស់ទាំងឡាយអាចចូលទៅលក់ ដែលជាហេតុអាចនាំឱ្យទ្រង់ទ្រាយនៃការជួបប្រជុំនោះ កាន់តែរីកធំនោះទេ។

បើតាមអាជ្ញាធរខេត្ដសៀមរាបបានឱ្យដឹងថា ចាប់តាំងតែពីទៀបភ្លឺថ្ងៃទី៣០ ខែសីហា សមមត្ថកិច្ចចម្រុះដែលមានកម្លាំងនគរបាល កងរាជអាវុធហត្ថនិងទាហានផង បានរាយបណ្ដាក់នៅលើដងផ្លូវសំខាន់ៗចំនួន៥កន្លែង។ ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនោះ គឺគោលបំណងរារាំងអ្នកចំណូលថ្មីទាំងអស់ មិនឱ្យចូលទៅកាន់តំបន់ជួបប្រជុំបានទៀតទេ ប៉ុន្តែសម្រាប់អ្នកដែលចង់ចាកចេញ គឺសមត្ថកិច្ចអនុញ្ញាត។

សូមជម្រាបជូនថា ចាប់តាំងតែពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឱ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក នៅឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់ប្រធានបក្សរូបនោះមក ក៏មានពលរដ្ឋជាង១ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៩ ខែសីហា អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយក្នុងលិខិតនោះបញ្ជាក់ថា ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការ បោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តសៀមរាបសុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ។

តែទោះបីយ៉ាងណាក៏ដោយ បើតាមព័ត៌មានចុងក្រោយនេះបានឱ្យដឹងថា គណបក្សសម្ព័ន្ធប្រជាធិបតេយ្យមិនមានគម្រោងរំសាយការជួបប្រជុំនេះនៅឡើយទេ ដោយបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរឃុំត្បែង របស់ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីសុំបន្តការជួបប្រជុំគ្នារហូតដល់ខែកញ្ញាខាងមុខ៕

By pcs

Leave a Reply

Your email address will not be published.