ភ្នំពេញ៖ ថ្ងៃសៅរ៍ ៨ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគណៈប្រតិភូឧស្សាហកម្មកូរ៉េខាងត្បូងជួយជំរុញការវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។ ការស្នើនេះ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូឧស្សាហកម្មកូរ៉េខាងត្បូង ដឹកនាំដោយលោក Oh Myung ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនេះ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣នេះ។

តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនេះលោក Oh Myung បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកធ្លាប់មកកម្ពុជាកាលពី១០ឆ្នាំមុន នៅពេលនេះលោកបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត។

ជាមួយគ្នានេះ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជា មានភាពអនុគ្រោះខ្លាំងណាស់ចំពោះការវិនិយោគ ហើយកម្ពុជា និងកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជាមិនមានគ្រោះធម្មជាតិនោះទេ។ លោក បន្តថា អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់អំពីការវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណជូនចំពោះគណៈប្រតិភូកូរ៉េដែលបានវាយតម្លៃអំពីស្ថានភាពនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបថា ជាការពិតណាស់កម្ពុជា មានសុខសន្ដិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជារញ្ជួយដី ផ្ទះុភ្នំភ្លើង ខ្យល់ព្យុះនោះទេ ហើយកម្ពុជាមានស្ថានភាពអំណោយផល។

សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យគណៈប្រតិភូឧស្សាហកម្មកូរ៉េខាងត្បូងជួយផ្សព្វផ្សាយដល់អ្នកវិនិយោគកូរ៉េឲ្យសម្លឹងមកកម្ពុជាបន្ថែមលើកត្តាអំណោយផល។ សម្តេច បានបន្តថា កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងក្របខណ្ឌ អាសិប (RCEP) កម្ពុជាអនុញ្ញាតឲ្យជនជាតិកូរ៉េជាម្ចាស់ក្រុមហ៊ុនមួយរយភាគរយ មិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។

សម្តេច បញ្ជាក់ថា «កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឲ្យប្រើប្រាស់ដុល្លារសម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយមិនតម្រូវឲ្យទៅប្តូរប្រាក់នៅធនាគារឡើយ »។ សម្តេច ក៏បានបញ្ជាក់ថា កម្ពុជា ក៏មានវត្ថុធាតុដើម ដូចជា ស្វាយចន្ទី ស្រូវ កៅស៊ូ និងដំឡូង ព្រមទាំងមានកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យ ប្រតិភូកូរ៉េទាំងមូលជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ៕

By pcs

Leave a Reply

Your email address will not be published.