គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា មានគណបក្សនយោបាយចំនួន៤ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច បង្កើតក្រុងនេះ ដោយកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ កាលពីខែមីនាកន្លងទៅនេះ។

គណបក្សនយោបាយទាំង៤នោះមានដូចជា៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, និងគណបក្សហ៊្វិនស៊ិនប៉ិច។ ក្នុងចំណោមគណបក្សនយោបាយទាំង៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ចំនួន៣គឺគណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, និងគណបក្សយុវជនកម្ពុជា។ ចំណែក គណបក្សហ៊្វិនស៊ិនប៉ិច នឹងពិនិត្យសម្រេចលើពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំចុះបញ្ជី។

គ.ជ.ប បានកំណត់រយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ ដើម្បីគណបក្សនយោបាយស្នើសុំចុះបញ្ជី និងបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការចូលរួមដណ្តើមអាសនៈនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលមានចំនួន១៣អាសនៈ នៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។

សូមជម្រាបថា ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោសម្រាប់អាណត្តិទី១ ដែលនឹងត្រូវជ្រើសរើសដោយការបោះឆ្នោតលើកទី១ខាងមុខនេះ គឺមានចំនួន១៣នាក់ ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ដែលមានចំនួន១៧រូប នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងបូកគោ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕

By pcs

Leave a Reply

Your email address will not be published.