កំពង់ចាម រួមសហការគ្នា ដេីម្បីធ្វើការប្រឆាំងទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ពីគ្រប់មជ្ឈដ្ឋាន ដែលក្រុមជ្រុលនិយមមួយចំនួនបានឆ្លៀតឱកាសបំពុលសង្គម ឲ្យធ្លាក់ក្នុងសភាពវឹកវរ ។ ការស្នើឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំរវាងអ្នកសារព័ត៌មានមកពីស្ថាប័នឯកជន និងរដ្ឋប្រមាណជាង២០នាក់ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនោះដែរ លោកស្រីសម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យគោរពតាមក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដេីម្បីនាំយកដំណឹងពីមហាជនជួនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងនាំយកដំណឹងពីរាជរដ្ឋាភិបាលជួនទៅមហាជនវិញ ប្រកបដោយនិរន្តភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន និងអនាគតរបស់ភាគីពាក់ព័ន្ធទាំងអស់។
លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពទំនាក់ទំនងជិតស្និទ្ធ និងស្វែងយល់ពីគ្នាទៅវិញទៅមក រវាងបងប្អូនជាអ្នកសារព័ត៌មានវិស័យឯកជន និងស្ថាប័នរដ្ឋ ធ្វើយ៉ាងណាយេីងត្រូវរួមសហការគ្នា ហើយចងក្រងជាក្រុម ដេីម្បីរួមចំណែកបម្រើវិស័យព័ត៌មានក្នុងខេត្តកំពង់ចាមជាមួយគ្នា ឲ្យកាន់តែមានការរីកចម្រើនទៅមុខទាំងអស់គ្នា ពោលគឺត្រូវស្គាល់ពីទុក្ខលំបាក និងត្រូវចេះជួយគ្នាគ្រាដែលមានអាសន្ន ។
ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានអនុញ្ញាតឲ្យបង្កើតហ្គ្រុបTelegram ដេីម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នា ជាពិសេសការចែករំលែកដោះដូរព័ត៌មាន គ្នាទៅវិញទៅមក ក៏ដូចជាការចែករំលែកបទពិសោធន៍ ប្រកបដោយភាពស្និទ្ធស្នាលផងដែរ ៕