ភ្នំពេញ៖ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានឆ្លើយតបជាសារសំឡេង តាមប្រព័ន្ធតេឡេក្រាម មកកាន់ CNC ថា ត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមក្រឹក្សាធម្មនុញ្ញ មិនទាន់បានទទួលបណ្តឹងតវ៉ា ពីគណបក្សភ្លើងទៀនទេ។
លោកបានលើកឡើងថា “គិតត្រឹមម៉ោងហ្នឹង ក្រុមក្រឹក្សាធម្មនុញ្ញ អត់ទាន់បានទទួលបណ្តឹងតវ៉ា ពីគណបក្សភ្លើងទៀនទេ។ សម្រាប់ការដោះស្រាយ គឺបន្ទាប់ពីទទួលបានពាក្យបណ្តឹងតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យសម្រេចរបៀបម៉េច ទើបអាចឆ្លើយ ជូនវិញបាន។ កាតព្វកិច្ចមន្ត្រីជំនាញ ត្រឹមតែទទួលឯកសារ តាមផ្លូវច្បាប់ ក្នុងអំឡុងពេលកំណត់ បើអត់ដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ក្នុងអំឡុងពេលកំណត់ទេ អត់ទទួលទេ”។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី-ខេត្ត។
ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយសារមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យ ច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕

By pcs

Leave a Reply

Your email address will not be published.

You missed