ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ទៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ និងត្រួតពិនិត្យនូវរបាយការណ៍អំពីលំហូរសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលទម្លាក់ថវិកាដាក់ជូនលើផ្នែកចំណូល ឬការចំណាយផ្សេងៗរបស់ក្រសួង-ស្ថាប័ននីមួយៗ។

នេះជាការលើកឡើងឲ្យដឹងពីលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ងី តាយី បានបន្តថា ស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានសាច់ប្រាក់ មានចំណុចខ្សោយមួយចំនួនពាក់ព័ន្ធនឹងតម្រូវការព័ត៌មានហិរញ្ញវត្ថុចាំបាច់នានា ដោយហេតុថា ប្រតិបត្តិការគណនេយ្យមូលដ្ឋានសាច់ប្រាក់ ត្រូវបានទទួលស្គាល់តែទៅពេលដែលស្ថាប័នបានទទួលសាច់ប្រាក់ ឬបានទូទាត់សាច់ប្រាក់ប៉ុណ្ណោះ ដោយមិនបានគិតអំពីពេលវេលានៃប្រតិបត្តិការសេដ្ឋកិច្ចដែលបានកើតឡើង ឬអត្ថប្រយោជន៍សេដ្ឋកិច្ចនៃប្រតិបត្តិការទាំងនោះទេ។

លោក ងី តាយី បានបន្ថែមទៀតថា វឌ្ឍនភាពទាំងនេះបានចូលរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណះរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ហើយជាលទ្ធផលគុណភាព និងភាពស៊ីជម្រៅនៃទិន្នន័យព្រមទាំងព័ត៌មានហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកំពុងមាននាពេលបច្ចុប្បន្ន បានធ្វើឱ្យគុណភាពនៃរបាយការណ៏ហិរញ្ញវត្ថុ និងរបាយការណ៍ពាក់ព័ន្ធផ្សេងៗកាន់តែមានភាពល្អប្រសើរឡើង សម្រាប់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាភិបាលនៃបណ្តាប្រទេសនានាទូទាំងសកលលោក រួមទាំងកម្ពុជាផង បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើគណនេយ្យភាព និងតម្លាភាពហិរញ្ញវត្ថុ ក្នុងការចែករំលែកទិន្នន័យដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ព្រមទាំងយកចិត្តទុកដាក់លើប្រសិទ្ធភាព និងស័ក្តិសិទ្ឋភាពនៃការប្រើប្រាស់ធនធានរបស់ប្រទេស ក្នុងការផ្តល់សេវាសាធារណៈ។

លោក ងី តាយី បានសង្កត់ធ្ងន់ថា ស្តង់ដារគណនេយ្យនេះ ប្រទេសមួយចំនួនដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ពីព្រោះយើងបានបង្កើតស្តង់ដារនេះឡើងមិនមែនសម្រាប់តែប្រទេសយើងតែមួយទេ គឺសម្រាប់ប្រទេសសឹងតែមួយសកលលោក នៃការវិវត្តន៍និងការរីកចម្រើនគណនេយ្យសាធារណៈនេះ ដែលវាបាននាំមកនូវតម្លាភាពចំពោះការប្រើប្រាស់ថវិកាជាតិផងដែរ។

សូមបញ្ជាក់ថា គណនេយ្យមូលដ្ឋានសាច់ប្រាក់ និងគណនយ្យមូលដ្ឋានបង្គរ ត្រូវបានផ្អែកលើគោលការណ៍ថា ចំណូល ចំណាយ និងគណនេយ្យ សម្រាប់ទ្រព្យសកម្មនិងបំណុលពាក់ព័ន្ធ ឆ្លុះបញ្ចាំងពិប្រតិបត្តិការ ឬព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗ ជាជាងប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលត្រូវបានកត់ត្រានៅពេលដែលស្ថាប័នបានទទួលសាច់ប្រាក់ ឬបានទូទាត់សាច់ប្រាក់។ ការប្រើប្រាស់ និងការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុសំខាន់ៗទាំង ៣ រួមមាន របាយការណ៍លទ្ធផលហិរញ្ញវត្ថុ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងរបាយការណ៍លំហូរសាច់ប្រាក់៕

By pcs

Leave a Reply

Your email address will not be published.