ថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ : កំណើនសេដ្ឋកិច្ចសកល និងតំបន់ នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៅ ឡើយ បើទោះបីជាស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌសកលមានសភាពធូរស្បើយ ហើយត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញបណ្តើរៗ ទាំងទំនិញ សេវា រំហូរវិនិយោគ និងការ ធ្វើដំណើរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការគូសបញ្ជាក់បែបនេះ នៅក្នុងពិធីរៀបចំសិក្ខា សាលាប្រចាំតំបន់ស្តីពី «រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយកម្មការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ» ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) នៅសណ្ឋាគារ Sofitel Angkor Phokeethra ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។​

នៅក្នុងពិធីនោះ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌសកលបានធូរស្បើយ ហើយកំណើនសេដ្ឋកិច្ចសកលត្រូវបានរំពឹងថា នឹងបន្ត ងើបឡើងវិញ ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃតម្រូវការសកល ទាំងទំនិញ សេវា រំហូរវិនិយោគ និងការធ្វើដំណើរ រួមទាំងសម្រាប់គោលបំណងដើរកម្សាន្ត និងធុរកិច្ច។ ក៏ប៉ុន្តែ កំណើនសេដ្ឋកិច្ចសកល និងតំបន់ នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ នៅឡើយ ដែលបណ្ដាលមកពីបញ្ហាអត្រាអតិផរណាខ្ពស់ ការឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក និងការរឹត បន្តឹងគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន ដែល ធ្វើឱ្យអត្រា ការប្រាក់សកលបន្តកើនឡើង។ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កផល ប៉ះពាល់ ដល់ថ្លៃ ទំនិញសកល រំហូរពាណិជ្ជកម្ម និងវិនិយោគសកល ក៏ដូចជាស្ថានភាព ហិរញ្ញវត្ថុ និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។​

ឯកឧត្តមបន្តថា សម្រាប់កម្ពុជា បន្ទាប់ពីបានបើកប្រទេសវិញទាំងស្រុងកាលពី ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចត្រូវបានវាយតម្លៃថា នឹងបន្តឈាន ទៅរកវិថី កំណើនឡើងវិញ ដោយសារការសម្រេចបាននូវភាពស៊ាំសហគមន៍កម្រិតខ្ពស់ ក៏ដូចជាការ សម្របខ្លួនទៅនឹង គន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ និងអាជីវកម្ម។ ចរន្តសេដ្ឋកិច្ចស្ទើរ គ្រប់វិស័យត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយសារនិន្នាការ ល្អប្រសើរ នៃតម្រូវការសកល និងការបន្តដាក់ចេញគោលនយោបាយសេដ្ឋកិច្ចសង្គម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។​

គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២២នេះ ត្រូវបានរំពឹងថា នឹងសម្រេច បានក្នុងរង្វង់ ៥,៤ភាគរយ និងជាង ៦ភាគរយ ក្នុងឆ្នាំ ២០២៣ ហើយអតិផរណាស្ថិតក្នុងរង្វង់ ប្រមាណជាង ៥ភាគរយ សម្រាប់ឆ្នាំ២០២២នេះ និងប្រមាណ ៣ភាគរយ សម្រាប់ ឆ្នាំ២០២៣៕

By pcs

Leave a Reply

Your email address will not be published.

You missed