(ពោធិ៍សាត់)៖ កម្មករកម្មការិនីរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ស្រុកក្រគរ បានផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ចំនួន២ចំណុច, ក្រោយការសម្រួលពីអភិបាលខេត្តពោធិ៍សាត់ ពួកគាត់បានទទួលយកការដោះស្រាយ និងបានរំសាយហ្វូងកូដកម្មទៅលំនៅដ្ឋានវិញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលម៉ោង១២៖២០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោកឧត្តមសេនីយ៍ត្រី ប៉ែន ទុង ស្នងការរង ទទួលផែនការងារសន្តិសុខ បានឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីកម្មករកម្មការិនីរោងចក្រកាត់ដេរ ប្រមាណជាង៥ពាន់នាក់ បានផ្ទុះការធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ចំនួន២ចំណុចរួមមាន៖ ១-ប្រាក់អតីតភាពការងារ, ២-ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ។
លោកឧត្តមសេនីយ៍ត្រីបន្តថា បន្ទាប់ពីមានការផ្ទុះឡើងភ្លាម ក្រុមកម្មករកម្មការិនី បានប្រមូលផ្តុំគ្នានៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខរោងចក្រ បណ្តាលឱ្យស្ទះចរាចរណ៍ ចាប់ពីម៉ោង១៖៣០នាទីរសៀល រហូតដល់ម៉ោង២ និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល។
លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារសន្តិសុខ បានបន្ថែមថា ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ចុះផ្ទាល់ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយ ទៅលើលក្ខខណ្ឌ និងអត្ថប្រយោជន៍ ដែលក្រុមកម្មករទាមទារទាំង២ចំណុចនោះ។
ក្រោយបញ្ចប់ការដោះស្រាយ អភិបាលខេត្ត បានសម្របសម្រួលជាមួយម្ចាស់រោងចក្រ សូមឱ្យធ្វើការដោះស្រាយជាបន្ទាន់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខ នៅលើលក្ខណ៍ទី១ គឺ «ប្រាក់អតីតភាពការងារ» ដោយត្រូវបើកជូនកម្មករកម្មការិនីឱ្យគ្រប់ចំនួន តាមការកំណត់។ ដោយឡែកលក្ខខណ្ឌទី២ «ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ» លោកសូមធ្វើការពន្យាពេល និងពិនិត្យលទ្ធភាព ជាមួយក្រុមការងារ មន្ទីរជំនាញដែលមានការពាក់ព័ន្ធ។
ក្រុមកម្មករកម្មការិនី បានសម្រេចទទួលយកតាមការសម្របសម្រួលដោះស្រាយខាងលើ ព្រមទាំងបានរំសាយទៅលំនៅដ្ឋានរៀងៗខ្លួន ចាប់ពីម៉ោង៣ និង០០នាទីរសៀល។ ចំពោះចរាចរណ៍ បានដំណើរការជាធម្មតាឡើងវិញផងដែរ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed