(ពោធិ៍សាត់)៖ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ក្រោមការសម្របសម្រួល ដោយលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ និងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ហែម មុនី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានប្រាប់ភ្នាក់ងារ  ឱ្យដឹងនាព្រឹកនេះថា ប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន ០២នាក់៖ ទី១-ឈ្មោះ ស៊ិន សុផានីកា ហៅកា ភេទប្រុស អាយុ២៩ឆ្នាំ (ម្ចាស់ផ្ទះ) និងទី២-ឈ្មោះ ស៊ិន សុផាសត្យា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរនគរបាលវរៈ៨២៥។

ក្នុងប្រតិបត្តិការនោះ យើងបានចាប់យកវត្ថុតាង រថយន្តជាមធ្យោបាយចំនួន០១គ្រឿង ម៉ាកPrius ស្លាកលេខ ភ្នំពេញ 2Z-7822, ថ្នាំគ្រាប់ពណ៌ក្រហម WY ចំនួន១២១គ្រាប់ ទម្ងន់១២.១០ក្រាម (សាច់ថ្នាំសុទ្ធ), ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ប្រើរួច (មានម្សៅក្រាមជាប់ថង់), ដែកកេះ ចំនួន០២ដើម, ទុយោជក់គ្រឿងញៀnមួយចំនួន, ថង់ដាក់ថ្នាំញៀនដែលប្រើរួច មួយចំនួន, ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួន, ដាវ ចំនួន០១ដើម និងទូរស័ព្ទ ចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនាំខ្លួនមកបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed