ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមន៍ នៅថ្ងៃទី៥ ខែកញ្ញា បានជួបពិភាក្សាការងារទេ្វភាគីជាមួយលោក Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។
ក្នុងកិច្ចប្រជុំនេះ ភាគីកូរ៉េ បានធ្វើបទបង្ហាញពីវឌ្ឍនភាពភាព និងទិសដៅការងារគម្រោងរដ្ឋាភិបាលឌីជីថលគាំទ្រដោយរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលរួមមានជាអាទិ៍ការស្រាវជ្រាវ ការរៀបចំបទប្បញ្ញត្តិ និងការកសាងសមត្ថភាព ជាដើម។
លោករដ្ឋមន្ត្រី បានថ្លែងអំណរចំពោះភាគីកូរ៉េដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បង្ហាញជូនភាគីកូរ៉េ អំពីការងារអាទិភាព និងសមិទ្ធផលរបស់ក្រសួងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ដែលរួមមានការរៀបចំបទដ្ឋានគតិយុត្ត គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាព ការកៀរគរចំណូលជូនរដ្ឋ -ល-។
លោករដ្ឋមន្ត្រី បានស្នើរដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដែលជាគំនិតផ្តួចផ្តើមមានទិសដៅជំរុញការទទួលយកបច្ចេកវិជ្ជាឌីជីថល (Digital Adoption) នៅកម្ពុជា។
ភាគីកូរ៉េក៏បានកោតសសើរពីសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ និងចក្ខុវិស័យដ៏ច្បាស់លាស់របស់ក្រសួង។ ឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រី ភាគីកូរ៉េ នឹងលើកសំណើនេះទៅពិភាក្សាជាមួយក្រសួងការបរទេសកូរ៉េ ដើម្បីពិនិត្យលទ្ធភាពគាំទ្រកម្ពុជា។
ក្រសួងទាំងពីរ បានបង្ហាញស្មារតីយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅបម្រើដល់ប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕



