ម៉ាលី ៖ ជារឿងដ៏ភ្ញាក់ផ្អើលបំផុតមួយ បន្ទាប់ពីស្ត្រីជនជាតិម៉ាលីអាយុ ២៥ឆ្នាំម្នាក់ បានផ្តល់កំណើតដល់កូនភ្លោះចំនួន៩នាក់ (Nonuplets) ដោយសុវត្ថិភាពនៅមន្ទីពេទ្យមួយក្នុងប្រទេសម៉ារ៉ុក។ ដែលត្រូវបានគ្រប់គ្នាមើលឃើញថា គឺជាកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក។
អ្នកម្តាយ Halima Cisse ត្រូវបានរដ្ឋាភិបាលប្រទេសម៉ាលីបញ្ជូននាងទៅកាន់មន្ទីរពេទ្យមួយក្នុងប្រទេសម៉ារ៉ុក។ ដើម្បីទទួលបានការថែទាំជំនាញជាពិសេស កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ។
អ្វីដែលកាន់តែធ្វើឱ្យក្រុមគ្រូពេទ្យមានការភ្ញាក់ថែមនោះគឺ អំឡុងពេលនៃការស្កេនពីគ្រូពេទ្យនៅម៉ាលីរកឃើញមានទារកតែ៧នាក់ប៉ុណ្ណោះ ក្នុងផ្ទៃរបស់នាង។ ប៉ុន្តែក្រោយការវះកាត់ប្រកបដោយជោគជ័យពីក្រុមគ្រូពេទ្យម៉ារ៉ុកកាលពីថ្ងៃទី៤ ខែឧសភា គឺមានទារករហូតដល់ ៩នាក់ដោយក្នុងនោះស្រី៥នាក់ និងប្រុស៤នាក់។
បច្ចុប្បន្នម្តាយ និងកូនទាំង៩នាក់ខាងលើ ត្រូវបន្តសម្រាកតាមដានសុខភាពបន្ថែមទៀតនៅមន្ទីរពេទ្យប្រទេសម៉ារ៉ុក។ មុនពេលពួកគេវិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។
សូមជម្រាបជូនថា កំណត់ត្រាពិភពលោកក្នុងសៀវភៅ Guinness World Record ក្នុងនាមជាអ្នកម្តាយដែលផ្តល់កំណើតកូនភ្លោះច្រើនបំផុតលើលោក។ កំពុងកាន់កាប់ដោយលោកស្រី Nadya Suleman ជនជាតិអាមេរិក ដែលបានផ្តល់កំណើតកូនភ្លោះ ៨នាក់ (Octuplets) កាលពីឆ្នាំ២០០៩៕ (ដកស្រង់ចេញពី BBC)