តាមសេចក្តីជូនដំណឹងពិសេសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាចាប់ពីថ្ងៃទី០៣ ខែសីហានេះរហូតដល់ថ្ងៃទី០៦ ខែសីហាខាងមុខ ខេត្តព្រះសីហនុនិងខេត្តកោះកុង របស់កម្ពុជាអាចនឹងរងជំនន់ទឹកភ្លៀង។ ក្រសួងធនធានទឹក និង ឧតុនិយម បានបង្ហាញឱ្យដឹងថា កម្ពុជានឹងរងឥទ្ធិពលនៃខ្យល់មូសុងនិរតីរយៈពេល៤ថ្ងៃចាប់ពីថ្ងៃនេះទៅដែលធ្វើឱ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ជាពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ស្ថានភាពនេះ នឹងបណ្តាលឱ្យមានការលិចលង់ដល់ភូមិឋានរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយជាពិសេសនោះ គឺអាចមានការលិចលង់កំណាត់ផ្លូវជាតិលេខ។ ជាមួយគ្នានេះ វានាំឱ្យខ្យល់មានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី ហើយរលកមានកម្ពស់ពី១-២ម៉ែត្រ។ក្រសួងធនធានទឹកបានអះអាងបន្ថែមថា ការជូនដំណឹងជាពិសេសតែលើខេត្តព្រះសីហនុ និង ខេត្តកោះកុងនេះ គឺដោយសារតែខេត្តទាំងពីរនេះកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះ គឺនឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតជាជំនន់ និង មហន្តរាយផ្សេងៗ ជាងខេត្តជាប់មាត់ដដៃទៀត។ បើតាមក្រសួងធនធានទឹក និង ឧតុនិយម ស្ថានភាព នេះក៏អាចពាក់ព័ន្ធដល់អាយុជីវិតមនុស្ស សត្វថែមទៀតផងដែរ។ ហេតុដូច្នេះហើយ ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការត្រៀមលក្ខណៈទុកជាមុន និង បង្កើនការប្រុងប្រយ័ត្ន!ខ្ពស់ចំពោះបាតុភូតធម្មជាតិនេះ។សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញ ពោល គឺមុនសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុមនិយមមួយថ្ងៃ ជំនន់ទឹកភ្លៀងបានវាយលុកខេត្តព្រះសីហនុ ដោយតំបន់ខ្លះនៃខេត្តនេះបានលិចលង់។ ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុ បានដោះស្រាយបញ្ហានេះដោយប្រើប្រាស់គ្រឿងចក្រកាយបើកផ្លូវទឹកនិងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរនិង ប្រឡាយជាដើម៕