ថ្ងៃនេះ ជា​ខួប ១៥ ព្រះវស្សា នៃ​ការឡើង​គ្រងរាជ្យសម្បត្តិ​ របស់​ ព្រះ​បាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​..!!

 

 

ថ្ងៃនេះ ជា​ខួប ១៥ ព្រះវស្សា នៃ​ការឡើង​គ្រងរាជ្យសម្បត្តិ​ របស់​ ព្រះ​បាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​..!!

 

កាលពីថ្ងៃទី​ ២៩​ ខែ​តុលា ​ឆ្នាំ ២០០៤​ ថ្ងៃ​ទី​ ២៩​ខែ​តុលា ​ឆ្នាំ ​២០១៩​ គឺ​ជា​ខួប​លើក​ទី​ ១៥ឆ្នាំ ​នៃ​ការ​ឡើងគ្រង​ រាជ​សម្បត្តិ ​នៃ​ព្រះ​មហាក្សត្រ​កម្ពុជា ​ព្រះ​បាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​។ ​នៅ​ក្នុង​ឱកាស​នេះ ​មន្ត្រី​រាជ​ការ​ បុគ្គលិក​តាម​ស្ថានប័ន​ឯកជន​ និង​សិស្ស​សាលា ​ត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈ​ពេល​ ១​ថ្ងៃ​ ដើម្បី​អប​អរ​ខួប​នៃ​ព្រះ​រាជា​ភិសេក​របស់​ព្រះ​មហាក្សត្រ​។​

កាលពី​១៥ ឆ្នាំមុន ​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​ជំនួស​ព្រះបិតា​របស់​ទ្រង់ គឺ​ព្រះ​បរម​រតន​កោដ្ឋ ក្រោយពី​ក្រុមប្រឹក្សា​រាជបល្ល័ង្គ បោះឆ្នោត​ជ្រើសរើស​ព្រះអង្គ ដោយ​សំឡេង​ឯកច្ឆ័ន្ទ ៩ លើ ៩ សំឡេង​។ ព្រះមហាក្សត្រ ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣​។ បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះ​មហាក្ស័ត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

ព្រះ​បរមនាម​ ក្នុង​ រាជ្យ​របស់​ ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ “ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី” ប្រែ​សេចក្ដី​ថា៖ “អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។
អ្នក​រួបរួម​ខេមរជន​ទាំង​អស់។
អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ។” ព្រះ​នាម​របស់​ព្រះ​អង្គ គឺបាន​មក​ពី​ការ​ផ្សំ​គ្នា​រវាង​ ព្រះ​នាម​របស់​ព្រះ​មាតា​បិតា​ព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ).៕