ពួកឈ្មួញ រកស៊ី នាំចូលជ្រូក.មាន់,ទា.គ្រប់ច្រករបៀង ដោយ អាង លោក ហ៊ុយ ទូច មេពេទ្យសត្វ ខេត្តបន្ទាយមានជ័យ នៅ ពីក្រោយ ..!!!

 

ខេត្តបន្ទាយមានជ័យ ៖  ល្បីជាថ្មី  ទៀត ​នេះ. បើ តាម ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង ស្រុក​អូរជ្រៅ បាន​លើកឡើងថា ៖ កន្លង មក​លោក ហ៊ុយ ទូច មេ ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ តែងតែ​ដោះស្រាយ រួចខ្លួន​ដោយ​អះអាងថា ក្រុមការងារ ​របស់លោក​មាន​គ្នា​តិច​មិនអាច​ទប់ស្កាត់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។

ប៉ុន្តែ​ប្រភពពី​មន្ត្រី​មន្ទីរ​ កសិកម្ម​ខេត្តបន្ទាយមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ ទូច បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ពី​លោក ហ៊ុយ ទូច ទើប​ឈ្មួញ​ហ៊ាន​នាំចូល​ជ្រូក​មាន់​ទារ​ស់​និង​គោ ពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​ ។

បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ក្បែរៗ​នោះ​មាន​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​មាន់​ទា​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម ​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​មាន់​ទា ចូល​ទឹកដី​ខ្មែរ​ទាំងយប់​ទាំង​ថ្ងៃ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង ក៏ដូចជា​ពី​សំណាក់​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។

ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រី ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ  បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ហ៊ុយ ទូច ហ៊ាន ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។

 

 

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ​ក្នុង​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​មាន់​ទា​ជ្រូក​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ព្រៃ​ចាន់ ដែលជា​តំបន់ ​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១  ដែលមាន​លោក សូ ចាន់ណា​រី ជា​មេបញ្ជាការ​អង្គភាព​នេះ​។

ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ជ្រូក​មាន់​ទានិ​ង​គោ ចូល​តាម​ច្រករបៀង​ព្រៃ​ចាន់ បាន​ប្រាប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ថា​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​មេ​ច្រករបៀង​ព្រៃ​ចាន់ និង​តាម​ស្នាក់ការ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ច្រើន​កន្លែង​ទៀត​ទើប​អាច​ទៅដល់​គោលដៅ​។ ក្នុងនោះ​មន្ត្រី​ពេទ្យសត្វ​តម្រូវ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទានិ​ង​គោ ពី​ស្រុក​សៀម​ បង់លុយ​ច្រើនជាងគេ​ដោយ​អះអាងថា លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ជា​អ្នក​តម្រូវ​ឲ្យ​ធ្វើបាន​បែបនេះ ​។

ពាក់ព័ន្ធ និងករណី ខាងលើ អ្នកសារព័ត៌មាន យើង ពុំអាចសុំការបំភ្លឺ ពី លោក ហ៊ុយ ទូច និង សមត្ថកិច្ច ពាក់ព័ន្ធ នៅច្រករបៀង ខាងលើនោះ ពុំបាន ឡើយ នៅពេលនេះ …។( ដោយ លោក ធឿន )។