ព័ត៌មានជាតិ

ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា

ភ្នំពេញ៖​ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុញ្ញាតឱ្យលោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសមនាទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ​ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាបជូន លោក ស សុខា អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ បន្ថែមពីនេះ​ ក៏បានស្នើសុំការគាំទ្រពី​ លោក​ ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា។
ជាការឆ្លើយតប លោក ស សុខា បានស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។ លោកក៏បានសម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ៕

Leave a Reply

Your email address will not be published.