ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បី បន្តជួយអតីតយុទ្ធជនកម្ពុជា

 

ចេញផ្សាយ ២៦-មិថុនា-២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និង បានដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយហើយ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាន នូវគោលដៅ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់អតីតយុទ្ធជនកម្ពុជា។

ក្នុងពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ សម្តេចធិបតី បានផ្តល់អនុសាសន៍ ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈ- កម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និង បន្តចុះ ប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និង គ្រួសារ, និង រៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ ។ ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និង មានប្រសិទ្ធភាព ក្នុងការបើកផ្ដល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និង គ្រួសារ អតីតយុទ្ធជន និង ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់ឧបត្ថម្ភបូជាសព និង ប្រាក់ឧបត្ថម្ភមួយ លើក, តាមរយៈ មូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និង ត្រូវខិតខំជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និង គ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិ- យោគសាធារណៈរបស់រាជរដ្ឋាភិបាល ។ ទី៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្ត គោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារឱ្យកាន់តែមានប្រសិទ្ធភាព ។ ទី៤. សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវបន្តពង្រឹង ពង្រីកសកម្មភាពសមាគម តាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី ២ ។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើក កម្ពស់តួនាទីអតីតយុទ្ធជនក្នុងសង្គម និង លើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ ខ្ជាប់នូវស្មារតីសាមគ្គីភាព និង ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមក្នុង ចលនាប្រឡងប្រណាំង ៣ ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និង ប្រទេសជាតិ ។ ទី៥. ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន, ជាពិសេស ត្រូវយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក ៕

Leave a Reply

Your email address will not be published.