ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា៖ ក្រសួងព័ត៌មានជាសេនាធិការរាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវជួយដល់ក្រសួង ស្ថាប័នផ្សេងៗ ក្នុងការផ្សព្វផ្សាយព័ត៌មាន

ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ –ក្រសួងព័ត៌មាន ជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ណាស់ ត្រូវជួយដល់ ក្រសួង ស្ថាប័ន ផ្សេងៗទៀតក្នុងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាផលិត ព័ត៌មាន។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

 

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មានចាត់ទុកថា នេះគឺជាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារផលិត និង ផ្សព្វផ្សាយព័ត៌មាន។ ក្នុងកិច្ចសហប្រតិការរវាងក្រសួងព័ត៌មាន ជាមួយក្រសួង ទេសចរណ៍ នេះដែរ អាចវាយតម្លៃបានថាជាកិច្ចសហប្រតិបត្តិការមួយដែលមានសារៈសំខាន់ ហើយក៏ជា វប្បធម៌ថ្មីនៃកិច្ចសហការក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នរួមក្រោមអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ”ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ជាមួយក្រសួងទេសចរណ៍ វាជាកិច្ចការងារមួយដ៏មានសារៈសំខាន់ ពីព្រោះថាវិស័យ ទេសចរណ៍បានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ និងវិស័យទេសចរណ៍ដែល រីកចម្រើនគឺមិនអាចកាត់ផ្តាច់បានទេនូវការងារផ្សព្វផ្សាយនៃសក្តានុពលទេសចរណ៍ និងក៏ដូច ជាវិស័យផ្សេងៗទៀតលើវិស័យទេសចរណ៍”។

 

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់ថា៖ ”ក្រសួងព័ត៌មានបានប្តេជ្ញាចិត្តនៅ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺយើងបានរៀបចំក្រសួងនេះឱ្យទៅជាស្ថាប័នទំនាក់ទំនង សារធារណៈរបស់រដ្ឋាភិបាលប្រកបដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាពដែលនេះមានន័យថាក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រដ្ឋាភិបាល លើការផ្សព្វផ្សាយ”។

 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងដែរថា បើទោះបីកន្លងមកមិនទាន់ មានការ ចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ក៏ដោយក៏ ក្រសួងព័ត៌មានបាន ចូលរួមផ្សព្វផ្សាយ និងសហការជាមួយក្រសួងទេសចរណ៍ធ្វើការផ្សព្វផ្សាយសក្តានុពល លើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើងរួចមកហើយ។

 

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងពិធីនេះដែរថា គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែ ទូលំទូលាយនូវព្រឹត្តិការណ៍ សេចក្តីជូនដំណឹង កម្មវិធី និងព័ត៌មាន ទាំងអត្ថបទ រូបភាព និងវីដេអូរបស់ក្រសួងទេសចរណ៍ ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយ គុណភាព ទៅដល់សាធារណជន តាមគ្រប់ទម្រង់និងមធ្យោបាយនៃការផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន ឱ្យស្របតាមសម័យកាលនៃព័ត៌មានឌីជីថល។

 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងដែរថា៖ ការផ្សព្វផ្សាយទៅលើវិស័យ ទេសចរណ៍ ដោយចាប់ពីពេលនេះទៅក្រសួងទេសចរណ៍នឹងធ្វើការផ្សព្វផ្សាយ ឱ្យបាន ពេញលេញជាមួយក្រសួងព័ត៌មានដើម្បីធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយនេះមានប្រសិទ្ធភាពខ្ពស់ដែលជាផ្នែកមួយនៃការរីកចម្រើនលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង បន្ថែមទៀត។

 

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ ដែលបានចេញ ផ្សាយសម្រាប់ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមេសា កន្លងទៅនេះ ចំនួនភ្ញៀវទេសចរបរទេសមានជាង ២លាន ១សែននាក់ ដែលចំនួនតួលេខនេះ កើនឡើងក្នុងរង្វង់ ២៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៣កន្លងទៅ។ សម្រាប់ឆ្នាំ២០២៥ ក្រសួងមួយនេះក៏បានព្យាករទុកដែរថា ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជានឹងកើនឡើង៧លាននាក់៕

Leave a Reply

Your email address will not be published.