ព័ត៌មានអន្តរជាតិ

ស្រ្តីជានគរបាលជាតិឥណ្ឌូណេស៊ីមួយរូប រងការចោទប្រកាន់ពីបទសម្លាប់ស្វាមីរបស់ខ្លួន ដោយសារតែស្វាមីញៀននឹងល្បែងអនឡាញ

ឥណ្ឌូណេស៊ី៖ ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយថ្នាក់តំបន់បានរាយការណ៍ឱ្យដឹងថា នគរបាលជាស្រ្តីជាតិឥណ្ឌូណេស៊ីមួយរូប ត្រូវបានគេចោទប្រកាន់ពីបទសម្លាប់ស្វាមីរបស់ខ្លួន ដោយសារតែការចាក់សំាងដុតប្តីទំាងរស់ ព្រោះតែស្វាមីនោះញៀននឹងល្បែងនៅតាមអនឡាញ។ ករណីនេះត្រូវបានគេមើលឃើញថាជាករណីលេចធ្លោមួយដែលពាក់ពិនទៅនឹងល្បែងអនឡាញដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

បណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់បានរំលេចឱ្យដឹងបន្ថែមទៀតថា ហេតុការណ៍ដ៏អកុសលនេះបានកើតមានឡើងនៅក្នុងតំបន់ម៉ូចូឃើតូ(Mojokerto) ខេត្តជ្វាភាគខាងកើត កាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈនគរបាលជាស្រ្តីម្នាក់មានឈ្មោះថា ហ្វាទិឡាទុន នីកម៉ាហ៍(Fadhilatun Nikmah) មានអាយុ២៨ឆ្នំា ត្រូវគេចោទប្រកាន់ថាបានដាក់ខ្នោះស្វាមីរបស់នាង ឈ្មោះ រីយ៉ាន ទ្វី វីខាសូណូ (Rian Dwi Wicaksono) អាយុ២៧ឆ្នំាមុនពេលស្រោចសំាង បន្ទាប់មកដុតសម្លាប់តែម្តង។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានឱ្យដឹងបន្តទៀតថា ជនរងគ្រោះរបួសធ្ងន់ធ្ងរនៅពាសពេញរាងកាយ ហើយបានស្លាប់នៅថ្ងៃបន្ទាប់ ក្រោយពេលទទួលការព្យាបាលអស់លទ្ធភាពពីមន្ទីរពេទ្យ។

ដោយយោងតាមការធ្វើកំណត់ហេតុរបស់មន្ត្រីនគរបាលឥណ្ឌូណេស៊ីបានឱ្យដឹងបន្ថែមទៀតថា ភរិយាជាមន្ត្រីនគរបាលនោះ មុនពេលធ្វើឃាតស្វាមី បានបង្ហាញក្តីអស់សង្ឃឹម ដោយសារតែស្វាមីរបស់នាងដកលុយចេញពីគណនីធនាគាររបស់ខ្លួនប្រមាណជា ៨សែនរូពីយ៉ា(រូបិយបណ្ណឥណ្ឌូណេស៊ី) ឬស្មើនិង៥០ដុល្លារអាម៉េរិក។

ស្រ្តីជាមន្ត្រីនគរបាលនោះ ត្រូវរដ្ឋអាជ្ញាធ្វើការចោទប្រកាន់មនុស្សឃាតដោយចេតនាដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ហើយនាងអាចនឹងជាប់ពន្ធនាគារចាប់ពី១៥ឆ្នំាឡើងទៅ ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីខ្លួនឯងបានផ្សាយឱ្យដឹងនៅព្រឹកនេះដែរថា ករណីដ៏លេចធ្លោមួយនេះបានទាញការចាប់អារម្មណ៍ខ្លំាងនៅក្នុងចំណោមប្រជាពលរដ្ឋឥណ្ឌូណេស៊ី ហើយក៏បានបង្កឱ្យមានផ្ទុះឡើងនូវប្រតិកម្មផ្សេងៗគ្នា រហូតដល់សមាជិកសភា រដ្ឋមន្រ្តីមួយចំនួនក៏បានលើករឿងនេះមកជជែកវែក ឬក៏សូម្បីប្រធានាធិបតីប្រទេសនេះក៏បង្ហាញប្រតិកម្មដែរ។

ស្ថិតនៅក្នុងបរិការណ៍នេះដែរ លោកប្រធានាធិបតីចូកូវីដូដូ បានធ្វើការអំពាវនាវសូមឱ្យប្រជាពលរដ្ឋឥណ្ឌូណេស៊ីទំាងអស់ សូមឱ្យមានភាពឆ្លាតវៃក្នុងគេចចេញពីល្បែងគ្រប់រូបភាព ទំាងអនឡាញក្តី សូមកុំចំណាយពេលជាមួយនឹងល្បែងទោះក្នុងតម្លៃណាក៏ដោយ។

គួររំលឹកផងដែរថា បើផ្អែកតាមទិន្នន័យរបាយការណ៍អន្តរកម្មហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលវិភាគ(PPATK)បានចេញផ្សាយកាលពីខែមេសា ដោយលោករដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសន្តិសុខ ច្បាប់ និងនយោបាយឈ្មោះ ហាឌី តាចាចាន់តូ(Hadi Tjahjanto) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា គេរកឃើញពលរដ្ឋឥណ្ឌូណេស៊ីប្រមាណជា ៣.២លាននាក់ជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញ ក្នុងនោះមានប្រមាណជា ៨០%លេងក្នុងទំហំរង្វង់ទឹកប្រាក់ប្រមាណជា១សែនរូពីយ៉ាឥណ្ឌូណេស៊ី៕

Leave a Reply

Your email address will not be published.