ព័ត៌មានជាតិ

សម្តេចតេជោ ចង់ឃើញស្ពានមិត្តភាពកម្ពុជា-កូរ៉េ​​ លេចវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ

 

ចេញផ្សាយ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤នៅក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគោលបំណងរបស់សម្តេច ចង់ឃើញនូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជិត ៣០០លានដុល្លារអាម៉េរិក តភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

តាមរយៈគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា- សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញកាន់តែងាយស្រួល ក៏ដូចជា ការតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ទីក្រុងអរីយក្សត្រ រួមជាមួយតំបន់ជុំវិញនោះ ដែលនឹងប្រែក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីភាគខាងកើតរាជធានីភ្នំពេញផងដែរ។ ម៉្យាងវិញទៀត គម្រោងស្ពាននេះ ក៏ជំរុញឲ្យតម្លៃអចលនទ្រព្យ នៅតំបន់នោះហក់ឡើង ជាពិសេសនឹងប្រែក្លាយតំបន់ម្ខាង នៃដងទន្លេនៃតំបន់អរិយក្សត្រ ជាទីក្រុងរណបថ្មី ខណៈទីនោះ កំពុងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធរួមទាំងគម្រោងបុរីជាច្រើន៕

Leave a Reply

Your email address will not be published.